Guardiola ហៅ​ទូរស័ព្ទ​ទៅ​សួរនាំ​ស្ថានភាព Neymar សិក្សា​លទ្ធភាព​ផ្ទេរ​មក Man City

បើ​តាម​របាយការណ៍​សារព័ត៌មាន L’Equipe ចុះ​ផ្សាយ ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola បាន​នឹង​កំពុង​ទាក់ទង​ទៅ​កាន់ Neymar Jr ដោយ​ផ្ទាល់ ដើម្បី​សាកសួរ​អំពី​លទ្ធភាព​ផ្ទេរ​គេ​មក​ចូលរួម​នៅ​ទឹកដី​អង់គ្លេស នា​រដូវ​កាល​បន្ទាប់។

បច្ចុប្បន្ន​កីឡាករ​ប្រេស៊ីល​សេសសល់​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ តែ​វត្តមាន​របស់​គេ​នៅ​ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ប៉ារីស​ហាក់​លែង​សំខាន់​ដូច​មុន គួប​ផ្សំ​នឹង​របួស​ញាំញី​ម្តងម្កាល​ផង ក៏​នាំ​ឲ្យ​ផ្លូវ​ចាកចេញ​សម្រាប់​ Neymar អាច​កើត​ឡើង​នៅ​ភាគរយ​ខ្ពស់ នា​ទីផ្សារ​រដូវ​ក្តៅ​ខាង​មុខ។

មាន​ចចាមអារ៉ាម​ផ្សារភ្ជាប់​ឈ្មោះ​របស់​គេ ទៅ​កាន់​ក្លឹប Man United, Chelsea និង Newcastle ក៏​រួម​ផ្សំ​ទាំង City ​ថែម​ទៀត​ផង​ដែរ។ ប្រភព​បាន​ឲ្យ​ដឹង​ថា Pep បាន​ហៅ​ទូរស័ព្ទ​ទៅ​ជជែក​រវាង Neymar ដោយ​ផ្ទាល់ ពោល​ចង់​ដឹង​ច្បាស់​អំពី​ការ​គិត ឬ​ចេតនា​របស់​គេ នៅ​ពេលវេលា​ខាង​មុខ។

ទោះ​យ៉ាង​ណា​មាន​ភាគរយ​ទាប​ណាស់​ការ​ផ្ទេរ​កីឡាករ​វ័យ​ ៣១ ឆ្នាំ មក​ Etihad អាច​កើត​ឡើង​ទៅ​បាន ក៏​ដោយសារ​តែ​ទំហំ​ប្រាក់​ឈ្នួល​ជា​រឿង​ត្រូវ​ជជែក​មួយ​ផ្នែក និង​លក្ខខណ្ឌ​មួយ​ផ្សេង​ទៀត​គឺ​តម្លៃ​ខ្លួន​ត្រូវ​ទូទាត់​ឲ្យ PSG ក៏​មិន​ជា​ទាប​នោះ​ដែរ៕

ប្រភព៖ L’Equipe