Arsenal ប្រជែង PSG និង AC Milan ជុំវិញ​ការ​ចង់​បាន Marco Asensio ឥត​តម្លៃ​ខ្លួន

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​រាយការណ៍​ថា កំពុង​ដាក់​គោលដៅ​ឥត​ដក​ភ្នែក​ពី​ខ្សែ​ប្រយុទ្ធ​ស្លាប Marco Asensio ដ្បិត​អី​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ ប្រុង​នឹង​ផុត​កុងត្រា ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ​នៅ​ចុង​ខែ​ក្រោយ។

យុវជន​លេង​បម្រើ​ក៏​បាន ប្រយុទ្ធ​ស្លាប​ក៏​បាន​នោះ ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ពន់ពេក​ពី​គ្រូ​រួម​សញ្ជាតិ​លោក Mikel Arteta ដោយ​ជឿ​ថា វត្តមាន​របស់​ Asensio នឹង​អាច​ចូល​ទៅ​ប៉ះប៉ូវ​ប្រព័ន្ធ​លេង ជា​ពិសេស​តំបន់​ខាង​លើ​របស់​ក្លឹប​បាន​នៅ​រដូវ​កាល​ក្រោយ។

តាម​សារព័ត៌មាន Onda Cero រាយការណ៍​មក​ថា ក្លឹប​ស្ថិត​ក្នុង​ទីក្រុង​ឡុង​បាន​រៀបចំ​កិច្ច​ព្រមព្រៀង​នានា​ជា​បណ្តើរៗ នេះ​រង់ចាំ​តែ​ពេលវេលា​មក​ដល់ សឹម​ធ្វើ​ការ​ចរចា​យក​លទ្ធផល​សម្រេច​រវាង​ភាគី​កីឡាករ​ប៉ុណ្ណោះ​ឯង។

រំឭក​បន្តិច​ថា កីឡាករ​វ័យ ២៧ ឆ្នាំ បាន​បដិសេធ​មិន​បន្ត​នៅ​ក្លឹប​ស្តេច​ស ក្រោម​ហេតុផល​ជាន់ Role នឹង​កីឡាករ​ជា​ច្រើន ជា​រួម​បើ​បន្ត ក៏​មិន​មាន​ឱកាស​លេង​ជាប់លាប់​ដែរ។ ពេលវេលា​ចុង​ក្រោយ មិន​ត្រឹម Arsenal ប៉ុណ្ណោះ​ទេ រួម​ទាំង​ក្លឹប​អ៊ីតាលី AC Milan ​និង​ក្លឹប​បារាំង Paris Saint-Germain ក៏​បាក់​ចិត្ត​ចង់​បាន​គេ​ដូច​គ្នា៕

ប្រភព៖ Metro