ពត៌មានថ្មីៗ

អតីតគ្រូ Leicester ទប់ទឹកភ្នែកមិនជាប់ ក្រោយជួយក្រុមខ្លួនឡើងមក Serie A

លោក​ ​Claudio Ranieri មិនអាចទប់ទឹកភ្នែកខ្លួន​ឯងបាន បន្ទាប់ពីបានជួយក្រុម Cagliari​ ប្រូម៉ូតឡើងមកកាន់ Serie A ជាលើកទី៣ នៅក្នុងអាជីពរបស់លោក។

គ្រូបង្វឹកវ័យ៧១ឆ្នាំរូបនេះ បានចូលកាន់តួនាទីនៅក្លិប Cagliari កាលពីខែធ្នូ បន្ទាប់ពីត្រូវបានក្លិប Watford បញ្ចប់តួនាទីកាលពីរដូវកាលមុន។ លោកបានជួយពួកគេ ឈរនៅចំណាត់ថ្នាក់លេខ៥ក្នុងតារាង ដែលធានាកៅអីប្រកួត playoff។ ហើយក្រុមរបស់លោក Ranieri បានយកឈ្នះ Bari នៅក្នុងវគ្គ playoff ធានាឡើងមកកាន់លីគកំពូលអ៊ីតាលី។

អតីតគ្រូបង្វឹករបស់ Leicester City រូបនេះ បានបង្ហូរទឹកភ្នែក បន្ទាប់ពីកីឡាករ Leonardo Pavoletti រកគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោង កាលពីថ្ងៃអាទិត្យ។

បេសកកម្មបន្ទាប់សម្រាប់គ្រូបង្វឹកចាស់វស្សារូបនេះ គឺដឹកនាំ Cagliari ទទួលបានលទ្ធផលល្អបំផុតនៅក្នុងតារាង Serie A រដូវកាលក្រោយ ដ្បិតកិច្ចសន្យារបស់លោកជាមួយក្លិប នៅសល់សុពលភាពដល់ឆ្នាំ២០២៥៕

ប្រភព៖ GOAL