Messi បង្ហើបថាមានបុគ្គលពីររូបជួយខ្លួន សម្រួចសមត្ថភាពស៊ុតហ្វ្រីឃីគបានល្អ

ខ្សែប្រយុទ្ធ Lionel Messi ដែលជាសមាជិកថ្មីរបស់ក្លិប Inter Miami បង្ហើបពីអ្នកដែលបានជួយខ្លួន សម្រាប់បច្ចេកទេសស៊ុតហ្វ្រីឃីគ ដោយបានបង្ហើបឈ្មោះអតីតតារាឆ្នើមពីររូបរបស់ Barcelona

ម្ចាស់ពាន World Cup 2022 រូបនេះ ត្រូវបានប្រកាសថា នឹងចូលរួមក្លិប Inter Miami នៅសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បន្ទាប់ពីគេបានបដិសេធសំណើទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល ដើម្បីផ្លាស់ទៅកាន់ក្លិបនៅ អារ៉ាប៊ី សាអ៊ូឌីត។

នៅពេលត្រូវបានសួរអំពីបច្ចេកទេសស៊ុតហ្វ្រីឃីគ Messi បានថ្លែងប្រាប់សារព័ត៌មានចិន TTPlus​ ថា៖ វាអាស្រ័យទៅលើការបន្ថែមការហ្វឹកហាត់ ហើយអ្នកអាចធ្វើឱ្យជំនាញនេះកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ Ronaldinho បានបង្រៀនខ្ញុំច្រើនណាស់ ហើយ Maradona ក៏បានបង្រៀនខ្ញុំច្រើនផងដែរ។ ប៉ុន្ដែរឿងដែលសំខាន់នោះគឺ ការបន្ដហ្វឹកហាត់

បច្ចុប្បន្ន​ Messi កំពុងបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិ ដើម្បីត្រៀមខ្លួនប្រកួតមិត្តភាពទល់នឹងអូស្ដ្រាលី នៅក្នុងប្រទេសចិននាថ្ងៃទី១៥ ខែមិថុនា ហើយបន្ទាប់មកគេ នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្លិបថ្មីរបស់ខ្លួន Inter Miami

ប្រភព៖​ Goal