គ្រូធំ Pochettino គ្រោងទាក់ទងទៅអតីតកូនក្រុម Spurs ម្នាក់ដើម្បីផ្តល់ឱកាសថ្មីដល់គេ

គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវ Chelsea លោក Mauricio Pochettino ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងធ្វើការទាក់ទងទៅកាន់អតីតកូនក្រុម Spurs កីឡាករ Dele Alli ដើម្បីជួយផ្តល់ឱកាស សម្រាប់អាជីពបាល់ទាត់របស់គេជាថ្មី ។

ជាការពិតណាស់ Alli ធ្លាប់បានចាយពេលភាគច្រើននៃអាជីពរបស់គេ ក្នុងក្រុម Spurs ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Pochettino ដែលទើបតែត្រូវបានប្រកាសជាអ្នកចាត់ការថ្មីរបស់ Chelsea កាលពីសប្តាហ៍មុន។

គួរឱ្យដឹងថាអំឡុងពេលនោះ Alli ត្រូវបានចាត់ទុកថាជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់ នៅអឺរ៉ុប និងថែមទាំងបានលេងទៀតទាត់សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសថែមទៀតផង ប៉ុន្តែយ៉ាងណាក៏ដោយ អាជីពរបស់ខ្សែបម្រើរូបនេះ ហាក់កំពុងធ្លាក់ចុះយ៉ាងខ្លាំង ចាប់តាំងពីផ្ទេរទៅ Everton និងត្រូវបានដាក់បន្តឱ្យក្លិបតួកគី Besiktas ខ្ចីជើង។

យ៉ាងណាមិញ ដោយមើលឃើញស្ថានភាពដ៏លំបាកបែបនេះ Pochettino ដែលបានយល់ព្រមមកដឹកនាំក្រុម Chelsea កាលពីខែឧសភា មានបំណងទាក់ទង Alli ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ និងថែមទាំងបាននិយាយថា ៖ ” ​ខ្ញុំសង្ឃឹមថានឹងមានពេលទាក់ទងទៅគាត់ ព្រោះគេជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយចង់និយាយជាមួយគាត់បន្តិច

លោកបន្ថែមទៀតថា ៖ “​ខ្ញុំពិតជាង់ចង់ជួយគាត់ណាស់ និងមើលថាមានអ្វីនឹងកើតឡើងជាមួយគាត់។ គាត់នៅតែមានវ័យក្មេងនៅឡើយ។ ហើយប្រាកដណាស់ ថាគាត់នៅតែមានបំណងចង់រក្សាអាជីពរបស់គាត់បន្តទៀត

ប្រភព: Metro