Bayern សុខចិត្តដាក់លក់ Mane ខាតពាក់កណ្ដាល ដើម្បីសន្សំលុយទិញ Kane

សារព័ត៌មានពីអាល្លឺម៉ង់ បានរាយការណ៍ថាក្លិប Bayern Munich ត្រៀមដាក់លក់ខ្សែប្រយុទ្ធ Sadio Mane ក្នុងតម្លៃប្រមាណ ១៧លានផោន ក្នុងទីផ្សារដោះដូររដូវក្ដៅនេះ។

ក្លិបជើងឯក Bundesliga ចង់បានចំណូលខ្លះ ដើម្បីបន្ថែមលើការចំណាយផ្ទេរខ្សែប្រយុទ្ធ Harry Kane ពី Tottenham Hotspur ដែលបង្ខំឱ្យសមាជិកមួយចំនួនត្រូវចាកចេញ។

យោងតាម Sky Germany បានរាយការណ៍ថា Bayern រំពឹងថាអាចលក់ Mane ក្នុងតម្លៃត្រឹមតែ១៧លានផោន ក្រោយគេបានចូលរួមជាមួយក្លិបបានមួយឆ្នាំ ពេលផ្លាស់ពី Liverpool ក្នុងតម្លៃ៣៥លានផោន។

ក្រៅពីតារាឆ្នើមសេណេហ្កាល់ ក្លិបយក្សអាល្លឺម៉ង់ មានគម្រោងលក់កីឡាករផ្សេងទៀតដូចជា Marcel Sabitzer, Benjamin Pavard, Yann Sommer និងកីឡាករមួយចំនួនទៀត ដើម្បីមានលទ្ធភាពផ្ទេរចូល Kane ដែលមានតម្លៃផ្ទេរប្រមាណ ១២០លានផោន ពីក្លិបមាន់ខ្នាយមាស៕

ប្រភព៖ talkSPORT