David Silva ថា​មាន​តែ Arsenal ទេ សង្ឃឹម​ប្រជែង​ពាន PL ជាមួយ City រួច ក្រៅ​ពី​នោះ​គឺ​អត់

អតីត​កីឡាករ​របស់​សំពៅ​មាស​លោក David Silva បាន​បញ្ចេញ​មតិ ដោយ​ជឿជាក់​មួយ​ទំហឹង​ទៅ​លើ Arsenal ថា​មាន​លទ្ធភាព​អាច​ប្រជែង​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស ជាមួយ​ក្លឹប Manchester City សម្រាប់​រដូវ​កាល ២០២៣/២៤ នេះ​បាន។

យើង​ក្រឡេក​ទៅ​មើល​តារាង​ចំណាត់ថ្នាក់​បន្តិច ពេល​នេះ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Pep Guardiola ឈ្នះ​ទាំង ៤ ជុំ​មាន​ ១២ ពិន្ទុ​ពេញ នៅ​កំពូល ខណៈ​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Mikel Arteta ឈរ​លេខ​រៀង​ទី ៥ មាន ១០ ពិន្ទុ ក្រោយ​ឈ្នះ ៣ ស្មើ ១ មិន​ទាន់​ស្គាល់​ចាញ់។

យ៉ាង​ណា​ Silva និយាយ​ប្រាប់​ទៅ​កាសែត The Mirror៖ “City ពួក​គេ​ជា​ក្លឹប​ដ៏​អស្ចារ្យ ជាមួយ​បណ្តុំ​កីឡាករ​ដ៏​អស្ចារ្យ​ជា​ច្រើន ហើយ​នេះ​ជា​រដូវ​កាល​ទី ៨ របស់ Pep ត្រង់​ឆ្នាំ​ដំបូង​គាត់​ផ្សាំ​ខ្លួន​នឹង Premier League បាន​បាត់​ទៅ​ហើយ ដល់​ឥឡូវ​ពួក​គេ​ក្លាយ​ជា​ក្លឹប​ដែល​សឹង​តែ​គ្មាន​អ្នក​អាច​បញ្ឈប់”។

លោក​បន្ត​ថា៖ “Arsenal ជា​ក្លឹប​តែ​មួយ​គត់ ខ្ញុំ​មើល​ឃើញ​ថា​ប្រហែល​មាន​ឱកាស​អាច​ប្រជែង​នឹង City ពេល​ឥឡូវ​នេះ​បាន បើ​សួរ​ថា​តើ​ចុះ​ក្លឹប​ដទៃ​ទៀត ខ្ញុំ​គិត​ថា​គ្មាន​អ្នក​អាច​ទៅ​រួច​ទេ ដោយ​ខ្ញុំ​មើល​ការ​ប្រកួត​រដូវ​កាល​មុន​របស់ City ពួក​គេ​សក្តិសម​នឹង​ទទួល​បាន​វា ដូច​គ្នា​ទាំង​សម្រាប់​អ្នក​គាំទ្រ​នៅ​ពាន​រង្វាន់​ទាំង ៣”៕

ប្រភព៖ The Mirror