ពត៌មានថ្មីៗ

PSG ចាញ់ប្រកួតលើកដំបូង ក្រោមការដឹកនាំដោយ Enrique បើទោះបី Mbappe រកបាន២គ្រាប់

Paris Saint-Germain រកបរាជ័យលើកដំបូងក្នុងប្រកួតផ្លូវការ ក្រោមការដឹកនាំដោយអ្នកចាត់ការ Luis Enrique ដោយពួកគេបានចាញ់​ Nice ដោយលទ្ធផល ២-៣ បើទោះបីជាមានគ្រាប់បាល់របស់តារាឆ្នើម Kylian Mbappe ក៏ដោយ។

Terem Moffi រកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមភ្ញៀវ Nice ប៉ុន្ដែត្រូវបាន Mbappe តាមបានមួយគ្រាប់វិញ នៅក្នុងវគ្គទី១។

Gaetan Laborde រកបានមួយគ្រាប់បន្ថែមសម្រាប់ក្រុមភ្ញៀវ មុនពេលដែល Moffi ស៊ុតចូលគ្រាប់ទី២របស់ខ្លួន និងទី៣នៃការប្រកួតនេះ។ គ្រាប់បាល់កៀកចុងម៉ោងរបស់ Mbappe មិនអាចជួយឱ្យ PSG ទទួលបានពិន្ទុពីការប្រកួតនេះឡើយ។

បច្ចុប្បន្ន Nice ដែលដឹកនាំដោយអ្នកចាត់ការអ៊ីតាលីវ័យ៣៤ឆ្នាំ លោក Francesco Farioli កំពុងឈរនៅលេខ២ ដោយនាំមុខ PSG និងមានគម្លាតពីក្រោយក្រុមកំពូលតារាង Monaco មួយពិន្ទុ៕