Simeone ចុច​ឈ្មោះ​គ្រូ ៣ ដែល​ចង់​ឲ្យ​មក​ដឹកនាំ Atletico Madrid បន្ត​ពី​ខ្លួន

Diego Simeone រាប់​ជា​គ្រូ​កាន់​ឆ្នាំ​យូរ​បង្អស់​ហើយ​នៅ​ក្លឹប​អេស្ប៉ាញ​សព្វថ្ងៃ នេះ​ជាមួយ Atletico Madrid បុរស​សញ្ជាតិ​អាហ្សង់ទីន បាន​ដឹកនាំ​តាំង​ឆ្នាំ ២០១១ មក​ម្ល៉េះ។ សមិទ្ធផល​មក​ទល់​សព្វថ្ងៃ ឈ្នះ​ពាន​រង្វាន់ La Liga ២ លើក និង Europa League ២ លើក​ផង​ដែរ។

បច្ចុប្បន្នភាព​បុរស​វ័យ ៥៣ ឆ្នាំ ទើប​តែ​បន្ត​កុងត្រា​ថ្មី ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៧ ដោយ​ពេលវេលា​នេះ ល្មម​នឹង​ឲ្យ​លោក​ដឹកនាំ​ក្លឹប​ក្រហម​ស​ចូល​ជិត ១៦ ឆ្នាំ ប្រសិន​បញ្ចប់​ត្រឹម​ពេល​នោះ មិន​មាន​ការ​បន្ត​បន្ថែម​ទៀត។ ​អំពី​សមាសភាព​គ្រូ​ថ្មី ដែល Simeone មើល​ឃើញ​ជា​មុន ថា​សក្តិសម​នឹង​មក​ដឹកនាំ​ក្លឹប​អេស្ប៉ាញ គឺ​មាន ៣ រូប។

Simeone លើក​ឡើង៖ “ជា​បេក្ខភាព​ល្អ​បំផុត មាន​ដូច Klopp, Ancelotti និង Pochettino ជា​អ្នកចាត់ការ​ដែល​ខ្ញុំ​ចង់​ឲ្យ​ដឹកនាំ Atletico”។ បន្ត​ទៅ កីឡាករ​ដែល​លោក​នៅ​ចង់​ដឹកនាំ មុន​ចូល​និវត្ត​ពី​អាជីព៖ “Messi និង Ronaldo គឺ​ល្អ​បំផុត ខ្ញុំ​ដូច​មតិ​អ្នក​រាល់​គ្នា មិន​មាន​ការ​ប្រៀបធៀប​អ្វី​ទេ”។

រំឭក​ស្ថិតិ​ដឹកនាំ​ជា​រួម​ក្លឹប​ម្ចាស់ដី Wanda Metropolitano អ្នកចាត់ការ​ខាង​លើ ឆ្លង​កាត់​ ៦៤៣ ប្រកួត ក៏​ឈ្នះ ៣៨១ ស្មើ ១៤៥ និង​ចាញ់ ១១៧។ ខណៈ​នោះ ក្លឹប​របស់​លោក​រក​បាន​ដល់​ទៅ ១ ០៩២ គ្រាប់ និង​របូត​ទៅ​វិញ ៥២៧ គ្រាប់​ផង​ដែរ៕

ប្រភព៖ SportBible