Klopp ចង់ឲ្យ Liverpool បន្តកុងត្រាថ្មីជូនដល់កីឡាករជើងរូបនេះបន្ថែមទៀត

អ្នកចាត់ការក្រុមហង្សក្រហម Liverpool លោក Jurgen Klopp ត្រូវបានគេរាយការណ៍មកថាបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការជំរុញឲ្យមានការពិភាក្សាលើការបន្តកុងត្រាថ្មីបន្ថែមទៀត សម្រាប់កីឡាករ Joel Matip

ជាការពិតណាស់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ នៅក្នុងតំបន់ការពាររបស់ក្រុម Liverpool ដោយមានតែកីឡាករ Ibrahima Konate ប៉ុណ្ណោះ ដែលត្រូវបានចាត់ទុកថាជាអ្នកបន្ថែមថ្មី នៅក្នុងទីផ្សារដោះដូរកន្លងមកនេះ។

គួរឲ្យដឹងផងដែរថា បើទោះបីជាមានជម្រើសតិច ប៉ុន្តែអនាគតរបស់ Matip ហាក់មានភាពសង្ស័យក្នុងទីផ្សារដោះដូររដូវក្តៅកន្លងទៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកាមេរូនរូបនេះ បានបន្តនៅ Anfield និងក្លាយជាជម្រើសសំខាន់មួយសម្រាប់ក្រុមលោក Klopp ផងដែរ។

ហើយឥឡូវនេះ បើតាមការចុះផ្សាយរបស់ Football Insider បានបង្ហាញឲ្យដឹងគ្រូបង្វឹកលោក Klopp កំពុងស្នើសុំឲ្យថ្នាក់លើ បើកការពិភាក្សាដើម្បីបន្តកុងត្រាថ្មីបន្ថែមទៀតជូនដល់ Matip

ទន្ទឹមនេះ ខណៈពេលដែលរបាយការណ៍មិនបានរៀបរាប់អំពីរយៈពេលជាក់លាក់នៃកិច្ចសន្យាដែលត្រូវបន្តថ្មីនោះក៏ដោយ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងមានរយ:ពេលដល់ឆ្នាំ ២០២៥៕

ប្រភព: Sportsmole