Galatasaray សម្រេចបញ្ចប់កុងត្រាខ្ចីជើងទាំងស្រុងជាមួយខ្សែប្រយុទ្ធ Hakim Ziyech

ក្លិប Galatasaray ត្រូវបានគេរាយការណ៍មកថាកំពុងត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការ​បញ្ចប់​លក្ខខណ្ឌ​ខ្ចី​ជើងសម្រាប់កីឡាករ Hakim Ziyech របស់ក្រុមតោខៀវ Chelsea ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករានេះ។

គួររំលឹកផងដែរថា ក្រុមយក្សតួកគីបានឈ្នះការប្រកួតប្រជែង ដើម្បីទទួលបានការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិម៉ារ៉ុក កាលពីអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ចំពេលមានការផ្ទេរទៅកាន់លីគ Saudi Pro League ត្រូវបានបរាជ័យ។

ជាក់ស្តែង ដោយសារតែមានបញ្ហាមួយនៅក្នុងផ្នែកវេជ្ជសាស្រ្ត បានបណ្តាលឱ្យការផ្ទេរទៅកាន់ក្លិបនៅក្នុងតំបន់មជ្ឈិមបូព៌ាបានបញ្ចប់ ខណ:ពេលដែលក្លិប Galatasaray បានជ្រើសយកឱកាសនេះ ដើម្បីធ្វើកិច្ចសន្យាខ្ចីជើងជាមួយក្រុម Chelsea តែម្តង ជាមួយនឹងកាតព្វកិច្ចក្នុងការទិញផ្តាច់ផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន NTV Spor បានបង្ហាញឲ្យដឹងថាក្លិប Galatasaray ចង់លុបចោលកិច្ចព្រមព្រៀងខ្ចីជើងនេះវិញទាំងស្រុង ជាជាងជ្រើសរើសយកការផ្ទេរជាអចិន្ត្រៃយ៍ សម្រាប់ Ziyech

ប្រភពដដែលនេះ បានអះអាងទៀតថា មូលហេតុដែលក្លិប Galatasaray ចង់បញ្ចប់កិច្ចព្រមព្រៀងនេះ គឺដោយសារតែពួកគេគិតថា Ziyech ហាក់មិនបានបង្ហាញភាពលេចធ្លោណាមួយសម្រាប់ក្រុមនោះឡើយ និងថែមទាំងមិនបានបំពេញតាមស្តង់ដារដែលក្លិបបានរំពឹងទុកផងដែរ ៕

ប្រភព: Sportsmole