រកឃើញគ្រូថ្មីរបស់ក្រុមជម្រើសជាតិប្រេស៊ីល ក្រោយខកឱកាសយក Ancelotti

ក្លឹប Sao Paulo បានប្រកាសថា គ្រូបង្គោលរបស់ពួកគេ លោក Dorival Junior បានចាកចេញពីក្លឹប ដើម្បីទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល បន្ទាប់ពីលោក Carlo Ancelotti បានបដិសេធ។

ក្លឹបប្រេស៊ីលបានចេញសេចក្ដីប្រកាសដ៏វែងអន្លាយ កាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថា លោក Dorival Junior បានសម្រេចចិត្តលាលែងពីតំណែងដើម្បីចូលកាន់តួនាទីជាគ្រូជម្រើសជាតិប្រេស៊ីល។

អំឡុងពេលដែលលោកដឹកនាំនៅ Sao Paulo, លោក Dorival បានជួយពួកគេឈ្នះជើងឯក Copa do Brasil ហើយក៏ធ្លាប់ឈ្នះពានជាច្រើនទៀតជាមួយក្លឹប Flamengo, Athletico Paranaense, Santos និង Vasco da Gama ផងដែរ។

មុនពេលតែងតាំងលោក Dorival, ក្រុមជម្រើសជាតិប្រេស៊ីល មានការភ្ជាប់ទៅនឹងលោក Ancelotti ប៉ុន្ដែអ្នកចាត់ការជនជាតិអ៊ីតាលីរូបនេះ បានសម្រេចចិត្តបន្ដដឹកនាំនៅ Real Madrid រហូតដល់រដូវក្ដៅឆ្នាំ២០២៦៕

ប្រភព៖ Goal