អតីតតារាឆ្នើមរបស់ R.Madrid ចេញមុខបដិសេធជុំវិញទំនាក់ទំនងជាមួយ Arsenal

កីឡាករ Borja Mayoral កាលពីពេលថ្មីៗនេះ​​ បានចេញមុខបញ្ជាក់ច្បាស់ថាគេមិនដឹងអ្វីនោះឡើយជុំវិញការផ្តល់ជូនពីសំណាក់ក្លិបកាំភ្លើងធំ Arsenal និងថែមទាំងបានទទូចថាបច្ចុប្បន្នកំពុងផ្តោតតែជាមួយក្លិប Getafe ប៉ុណ្ណោះ។

ជាក់ស្តែងអតីតតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះ បានក្លាយជាគោលដៅផ្ទេរដ៏ធំមួយ សម្រាប់ក្រុមរបស់លោក Mikel Arteta នៅទីផ្សារខែមករានេះ ដែលកំពុងព្យាយាមស្វែងរកជម្រើសខ្សែប្រយុទ្ធថ្មីមកពង្រឹងក្រុមបន្ថែមទៀត។

យោងតាមរបាយការណ៍មួយបានចុះផ្សាយថា Arsenal បានដាក់សំណើដេញថ្លៃ ២២ លានផោន សម្រាប់កីឡាករវ័យ ២៦ ឆ្នាំ ដែលជាការផ្តល់ជូនមួយដែលត្រូវបានគេរាយការណ៍មកថាបានច្រានចោលដោយ Getafe ភ្លាមៗ។

ហើយបើទោះបីជាមានការរំពឹងទុកជាច្រើនថា Mayoral អាចនឹងមានការផ្ទេរទៅកាន់ក្លិបនៅ Premier League ក៏ដោយ តែកីឡាករខ្លួនឯងផ្ទាល់បានចេញមុខទទូចថាបច្ចុប្បន្នគេមិនគិតអំពីការចាកចេញណាមួយនោះឡើយ។

លើសពីនេះកីឡាករសញ្ជាតិអេស្ប៉ាញ និយាយទៀតថា ៖ នេះជាព័ត៌មានដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលផងដែរ។ ខ្ញុំមិនបាននិយាយជាមួយក្លឹប ឬជាមួយអ្នកតំណាងរបស់ខ្ញុំទេ។ បច្ចុប្បន្នខ្ញុំកំពុងផ្តោតខ្លាំងលើក្រុម Getafe ជារៀងរាល់ថ្ងៃ

ប្រភព: Metro