Henderson រកបានទ្រនំថ្មី ក្រោយឈានដល់ការព្រមព្រៀងចែកផ្លូវគ្នាជាមួយ Al-Ettifaq

Jordan Henderson បានសម្រេចការផ្លាស់ទៅចូលរួមក្លឹប Ajax បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយក្លឹប Al-Ettifaq ត្រូវបានបញ្ចប់ដោយមានការព្រមព្រៀងពីភាគីទាំងសងខាង។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានចុះហត្ថលេខាលើកុងត្រារយៈពេល២ឆ្នាំកន្លះ នៅក្លឹបហូឡង់ ហើយនឹងពាក់អាវលេខ៦ នៅក្រុមដឹកនាំដោយអ្នកចាត់ការ John van ‘t Schip។

រំឭកថា ខ្សែបម្រើវ័យ៣៣ឆ្នាំ បានចូលរួមក្លឹបនៅអារ៉ាប៊ី សាអ៊ូឌីត កាលពីខែកក្កដា ឆ្នាំមុន ដោយបានចុះហត្ថលេខាក្នុងកុងត្រារយៈពេល៣ឆ្នាំ ក្រោយចាកចេញពី Liverpool។

ក្លឹប Al-Ettifaq ដែលបច្ចុប្បន្នកំពុងឈរនៅលេខ៨ក្នុងតារាង Saudi Pro League ក្រោយព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយ Henderson, ពួកគេបានប្រកាសពីការបន្ដកុងត្រាសម្រាប់អ្នកចាត់ការ Steven Gerrard រហូតដល់ឆ្នាំ២០២៧៕

ប្រភព៖ ESPN