Ronaldo ថា​លីគ​កំពូល​អារ៉ាប៊ីសាអូឌីត SPL នៅ​មាន​ទម្លាប់​អាក្រក់​ដែល​ត្រូវ​កែ

Cristiano Ronaldo ជា​មនុស្ស​មាន​ឥទ្ធិពល​មួយ​រូប​សម្រាប់​បាល់ទាត់​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​និយាយ​ឥត​លាក់បាំង ថា​សព្វថ្ងៃ​នៅ​ទី​នេះ បន្ត​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​ត្រូវ​តែ​កែ​ប្រែ គ្រាន់​មិន​មាន​ការ​បញ្ជាក់​លម្អិត​ឡើយ ថា​វា​មាន​ភាព​ខុសប្លែក ឬ​មិន​ប្រក្រតី​អ្វី​នោះ។

ជា​ការ​ពិត​មួយ​រយៈ​ចុងក្រោយ សង្កេត​ឃើញ​កីឡាករ​ជា​ច្រើន​បាន​ចាកចេញ​បន្ត​កន្ទុយ​គ្នា ហើយ​អ្នក​ចុងក្រោយ​គឺ Jordan Henderson ដែល​មក​ចូលរួម​បាន​ជាង ៦ ខែ ក៏​ផ្ទេរ​ចេញ​ពី Al-Ettifaq ស៊ូ​ទៅ​យក​លុយ​តិច​ពី​ក្លឹប Ajax នៅ​ឯ​ប្រទេស​ហូឡង់​ជំនួស​វិញ។ អ្នក​ផ្សេង​ទៀត​គឺ​អាច​ជា​ Karim Benzema ក៏​ជា​លំដាប់ Superstar មួយ​រូប​ដែរ។

ទោះ​យ៉ាង​ណា​ថ្មីៗ​នេះ CR7 លើក​ឡើង៖ “មាន​កត្តា​ជា​ច្រើន​ដែល​អាច​ឲ្យ​លីគ​មួយ​នេះ​ពង្រឹង​ទៅ​មុខ ដូច​ខ្ញុំ​បាន​និយាយ​ពី​មុន មាន​កត្តា​ជា​ច្រើន​ដែល​អាច​ឲ្យ​ល្អ​ប្រសើរ​ឡើង តែ​ខ្ញុំ​គិត​ថា​មនុស្ស​មាន​ឥទ្ធិពល​នៅ​ពី​ក្រោយ នឹង​អាច​ផ្លាស់ប្ដូរ​វប្បធម៌​បាល់ទាត់​មួយ​ចំនួន​ដែល​ជា​ទម្លាប់​មិន​ល្អ”។

លោក​បន្ត៖ “ខ្ញុំ​គិត​ថា​យើង​នឹង​ឈាន​ទៅ​ដល់​ចំណុច​ដែល​អាច​ឲ្យ​អ្នក​រាល់​គ្នា​នៅ​អារ៉ាប៊ីសាអូឌីត​មាន​មោទកភាព​ឡើង ការ​វិនិយោគ​នៅ​ទី​នេះ​ធំ​ខ្លាំង​ណាស់ ដូច្នេះ​ហេតុអ្វី​មិន​ជឿ​ថា​វា​អាច​ទៅ​រួច ដូច​គ្នា​នឹង​នៅ​ឌូបៃ គ្រប់​យ៉ាង​គឺ​អាច​ផ្លាស់ប្តូរ ពួក​គេ​សក្តិសម​នឹង​ទទួល​បាន​ឱកាស”៕

ប្រភព៖ SportBible