Unai Emery ថា​ពាន​នៅ​អង់គ្លេស គ្រប់​ពាន​គឺ​ពិបាក​យក​ជាង​នៅ​ទី​ណាៗ​ទាំង​អស់

អ្នកចាត់ការ​ក្លឹប Aston Villa លោក Unai Emery បាន​សង្កត់​ធ្ងន់​ថា ​ដំណើរ​ឈ្នះ​ពាន​រង្វាន់​នៅ​ចក្រភព​អង់គ្លេស គឺ​ជា​រឿង​ដ៏​ពិបាក​ធ្វើ​ជាង​នៅ​ទី​កន្លែង​ណា​ទាំង​អស់​ក្នុង​ពិភពលោក​យើង​នេះ។ ជា​ការ​លើក​ឡើង​មុន​ការ​ត្រៀម​តតាំង​ក្លឹប​ Chelsea នៅ​ជុំ​ទី ៤ FA Cup ខាង​មុខ។

បុរស​វ័យ ៥២ ឆ្នាំ ដែល​ធ្លាប់​ដឹកនាំ​ក្លឹប​បារាំង​កន្លង​មក ឈ្នះ Ligue 1, Coupe de France និង Coupe de la Ligue ដល់​តែ​មក​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ ក៏​ឈ្នះ​ដែរ ទាំង​កាល​នៅ Sevilla និង Villarreal គឺ UEFA Europa League យ៉ាង​ណា​ជាមួយ Villa Park មិន​ទាន់​ស្គាល់​ជាតិ​ឈ្នះ​ទេ កុំ​ថា​ឡើយ​គ្រា​នៅ​ដឹកនាំ Arsenal។

ហេតុ​នេះ​ទើប Emery ហ៊ាន​លើក​ឡើង៖ “ការ​ដែល​ឈ្នះ​ពាន​រង្វាន់​ណា​មួយ​នៅ​ទី​នេះ ពិត​ជា​ពិបាក​ជាង​ប្រទេស​ដទៃ​ណា​ទាំង​អស់ ខ្ញុំ​ពិត​ជា​ចង់​ធ្វើ​អ្វី​មួយ តែ​ឱកាស​ដែល​មាន គឺ​ត្រូវ​ប្រកួតប្រជែង​ដូច​ជា​ស្អែក​នេះ​អ៊ីចឹង ខ្ញុំ​ដឹង​ថា​បាន​ធ្វើ​រឿង​ផ្សេង​គ្នា​នៅ​អេស្ប៉ាញ បារាំង ឬ​អង់គ្លេស ដែល​វា​ជា​បទពិសោធន៍​សម្រាប់​ខ្ញុំ”។

លោក​បន្ត៖ “ឥឡូវ​នៅ​អង់គ្លេស ខ្ញុំ​អត់​ទាន់​បាន​សម្រេច​អ្វី​នៅ​ឡើយ​ទេ តាំង​កាល​នៅ Arsenal និង​ឆ្នាំ​មុន​នេះ នៅ Aston Villa ដូច្នេះ​សង្ឃឹម​ថា​នឹង​អាច​ធ្វើ​វា​បាន”។ បញ្ជាក់​ថា យប់​នេះ​នឹង​មាន​ការ​ប្រកួត​ទល់​តោ​ខៀវ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS ​វេលា​ម៉ោង ០២:៤៥ នាទី​ទៀប​ភ្លឺ៕
ប្រភព៖ BeSoccer