Namanja Matic រក​បាន​ទ្រនំ​ថ្មី​ឈរ​ជើង​ហើយ​គឺ​ជាមួយ Lyon នៅ​បារាំង​ដដែល

​ក្លឹប Stade Rennais បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ផ្ទេរ​ចេញ Nemanja Matic ដែល​មាន​វ័យ​ ៣៥ ឆ្នាំ​ទៅ​ហើយ ទៅ​កាន់​ក្លឹប​ថ្មី​គឺ Olympique Lyonnais។ នេះ​បន្ទាប់​តែ​ខ្សែ​បម្រើ​សញ្ជាតិ​ស៊ែប៊ី ហាក់​ព្យាយាម​រក​ផ្លូវ​ចាកចេញ ជា​ជាង​ការ​បន្ត​នៅ។

ប្រកួត​ចុងក្រោយ​របស់​គេ ក៏​ត្រឹម​អង្គុយ​ក្នុង​តំណែង​បម្រុង​ឲ្យ Rennes ​តែ​ជា​ជ័យជម្នះ​លើ Lyon ក្លឹប​ថ្មី​របស់​គេ​នោះ ៣-២។ ចំពោះ​តម្លៃ​ផ្ទេរ Matic ត្រូវ​បាន​រាយការណ៍​ប្រហែល ២,៦ លាន​អឺរ៉ូ​ប៉ុណ្ណោះ ជាមួយ​នឹង​ការ​ព្រមព្រៀង​កុងត្រា​ថ្មី រយៈ​ពេល ២ ឆ្នាំ​កន្លះ។

គួរ​ឲ្យ​ដឹង​ដែរ​ថា កាល Matic ជោគជ័យ​ខ្លាំង​គឺ​នៅ Chelsea ត្រង់​ឈ្នះ​ពាន​ Premier League ទី​នោះ​ដល់​ទៅ ២ សម័យ ក្រោយ​មក​ជាមួយ United ជាមួយ Roma រួម​ទាំង Rennes ហាក់​មិន​កាក់កប​ឡើយ​នឹង​លទ្ធផល។ ពេល​ចុងក្រោយ​ក៏​កើត​រកាំរកូស​ដល់​អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់​ថែម​ទៀត​ផង ដ្បិត​ក្លឹប​បង្ហាញ​ការ​រិះគន់ តែ​សាមី​ខ្លួ​ថា​មាន​ការ​ចាំ​បាច់​ជាមួយ​កូនៗ​នៅ​ឯ​សាលា។

រំឭក​ដែរ​ថា Lyon ជា​ទ្រនំ​ថ្មី​របស់​ Matic ធ្លាក់​ទម្រង់​ខ្លាំង​រដូវ​កាល ២០២៣/២៤ ទៅ​ឈរ​ដល់​លេខ​រៀង​ទី ១៦ នៅ​តារាង Ligue 1។ ស្រប​ពេល Rennes ឈរ​លេខ ៩ មាន ២៥ ពិន្ទុ នាំ​មុខ​ពី​លើ​ក្លឹប​ខាង​លើ​ចំនួន ៩ ពិន្ទុ៕

ប្រភព៖ Reuters