Man Utd ត្រៀមសំណើជិត ៤០លានផោន ទាក់ទាញយក Oblak ពី At Madrid ជាថ្មី

ក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍មកថា កំពុងដាក់សំណើផ្តល់ជូនប្រមាណ ៣៨,៥លានផោន សម្រាប់អ្នកចាំទី Jan Oblak របស់ក្លិប Atletico Madrid ដោយក្លិបអង់គ្លេសកំពុងពិចារណាក្នុងការនាំយកអ្នកថ្មីមកជំនួសតំណែងរបស់ Onana

ជាក់ស្តែង ក្រុមរបស់លោក Erik ten Hag បាននាំយក Onana ពី Inter Milan កាលពីរដូវក្តៅមុន មកជំនួសកន្លែង David de Gea ដែលផុតកុងត្រានៅ Old Trafford ។តែទោះបីជាយ៉ាងណាក៏ដោយ កីឡាករសញ្ជាតិកាមេរូន ហាក់មិនបានគុណផលលេងឲ្យបានល្អដូចអ្វីដែលបានរំពឹងទុកនោះឡើយ។

គួរឲ្យដឹងថា Oblak ត្រូវបានភ្ជាប់ទំនាក់ទំនងក្នុងការផ្ទេរមកកាន់ក្របខ័ណ្ឌ Premier League ជាយូរមកហើយ ដោយ Man United ជារើយៗតែងបានដាក់សំណើផ្តល់ជូនដល់កីឡាករសញ្ជាតិស្លូវេនីរូបនេះជានិច្ច។

ហើយឥឡូវនេះ បើយោងតាម TodoFichajes បានអះអាងថាក្លិប Atletico កំពុងមានបំណងបើកចិត្តអនុញ្ញាតឱ្យ Oblak ចាកចេញ នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ របាយការណ៍ដដែលនេះ ក៏បានអះអាងទៀតថា Man United កំពុងដាក់សំណើផ្តល់ជូនជិត ៤០លានផោន ដើម្បីទាក់ទាញឲ្យក្លិបអេស្ប៉ាញយល់ព្រមលើកិច្ចព្រមព្រៀងនេះផងដែរ៕

ប្រភព: Sportsmole