កំណត់ត្រា​ហើយ ការ​ចំណាយ​ថ្លៃ​ផ្ទេរ​សរុប​ក្នុង​ឆ្នាំ ២០២៣ FIFA កត់ត្រា​ចូល ៨,៨៨ ពាន់​លាន​អឺរ៉ូ

ក្លឹប​បាល់ទាត់​នៅ​ទូទាំង​សកលលោក​ទាំង​អស់​បាន​ចំណាយ​សរុប ៨,៨៨ ពាន់​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ​ទៅ ២០២៣ ដែល​វា​បាន​បំបែក​តួ​លេខ​ខ្ពស់​បង្អស់​ធ្លាប់​កើត​មាន​ក្នុង​ឆ្នាំ ២០១៩ ច្រើន​ជាង ២ ពាន់​លាន​អឺរ៉ូ​ឯ​ណោះ។ នេះ​បើ​តាម​ការ​កត់ត្រា​និង​ចុះ​ផ្សាយ​ចេញ​ពី FIFA។

វា​ក៏​ហៅ​ចូល​ជា​តួ​លេខ​កើន​ឡើង ៤៨,១ ភាគរយ ធៀប​នឹង​តួ​លេខ​ឆ្នាំ​ចាស់ ២០២២។ នេះ​បើ​យើង​បង្ហាញ​ត្រួសៗ​វា​ក៏​កើត​ចេញ​ពី​ការ​ផ្ទេរ​ដូច Jude Bellingham ទៅ Real Madrid, Enzo Fernandez ទៅ Chelsea និង Harry Kane ទៅ Bayern Munich ជា​ដើម។

ហើយ​បើ​យើង​និយាយ​អំពី​ក្លឹប​ចាយ​ក្រាស់ក្រែល​បំផុត មាន Chelsea, Paris Saint-Germain, Liverpool, Real Madrid និង Bayern Munich ហើយ​ផ្ទុយ​ទៅ​វិញ បើ​យើង​និយាយ​ដល់​លីគ​ណា​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្ទេរ​ចេញ​កីឡាករ​ខ្ពស់​ដាច់​គេ គឺ​ជា​លីគ​អាល្លឺម៉ង់​សរុប ១,២១ ពាន់​លាន​អឺរ៉ូ។

ក្រៅ​ពី​នេះ FIFA ក៏​បាន​កត់​សម្គាល់​នៅ​កំណើន​នៃ​បាល់ទាត់​ផ្នែក​នារី​ផង​ដែរ ក្នុង​ឆ្នាំ ២០២៣ មាន​ក្លឹប​ចំនួន ៦២៣ ដែល​ផ្សារភ្ជាប់​នឹង​ការ​ដោះដូរ ឡើង​ពី​តួ​លេខ ៥០៧ ក្នុង​ឆ្នាំ​ចាស់។ ហើយ​មាន​កីឡាករ ១ ៨៨៨ រូប ផ្ទេរ​ចេញ​ពី​ប្រទេស​មួយ​ទៅ​កាន់​ប្រទេស​មួយ​ទៀត កើន​ឡើង​ពី ១ ៥៧១ រូប ធៀប​នឹង​ឆ្នាំ ២០២២៕

ប្រភព៖ BeSoccer