ពត៌មានថ្មីៗ

គ្រូបង្វឹកឆ្នើមពីររូប កំពុងលេចវត្តមានក្នុងបញ្ជីបេក្ខភាពមកជំនួសតំណែង Ten Hag

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា បានធ្វើការទាក់ទងទៅកាន់គ្រូបង្វឹកលោក Antonio Conte និង Julen Lopetegui ក្នុងរយ:ពេលប៉ុន្មានខែថ្មីៗនេះ។

ជាក់ស្តែង បើទោះបីជា Erik ten Hag បានផ្តល់ពានរង្វាន់ EFL Cup មកកាន់ក្រុម ក្នុងអំឡុងពេលដឹកនាំនៅរដូវកាលដំបូងរបស់ខ្លួនក៏ដោយ ក៏តំណែងរបស់បុរសសញ្ជាតិហូឡង់រូបនេះ ហាក់មិនស្ថិតនៅក្នុងតំបន់ដែលមានសុវត្ថិភាពនោះឡើយ ជាពិសេសក្នុងរដូវកាលបច្ចុប្បន្ននេះ។

ហើយឥឡូវនេះ យោងតាមការចុះផ្សាយពីសារព័ត៌មាន CaughtOffside បានរាយការណ៍មកថាក្លិប Man United នៅតែមានឆន្ទៈពិចារណាលើការនាំយកជម្រើសថ្មីផ្សេងទៀត ដើម្បីមកជំនួសតំណែងរបស់លោក Ten Hag

ប្រភពដដែលនេះ បានអះអាងទៀតថាទំនាក់ទំនងដំបូង ត្រូវបានធ្វើឡើងជាមួយលោក Conte និង Lopetegui នេះ គឺដើម្បីវាស់ស្ទង់ថា តើពួកគេនឹងមានចំណាប់អារម្មណ៍ក្នុងការមកចូលរួមនៅទឹកដី Old Trafford នាពេលអនាគតដែរឬទេ។

ជម្រាបជូនទៀតផងដែរថា ការផ្លាស់ប្តូរណាមួយសម្រាប់គ្រូបង្វឹកខាងលើ ត្រូវបានគេរាយការណ៍ថានឹងមិនកើតឡើង នៅមុនបញ្ចប់រដូវកាលនេះនោះឡើយ ដូច្នេះក្លិបនៅមានតែមានជំនឿទុកចិត្តទោលើលោក Ten hag នាពេលនេះដដែល៕

ប្រភព: Sportsmole