ពត៌មានថ្មីៗ

Liverpool កំពុងពិចារណាលើតារាឆ្នើម Barca ពីររូប ជាអ្នកមកជំនួស Salah

Liverpool ត្រូវបានគេរាយការណ៍មកថា កំពុងចាត់ទុកកីឡាករ Ansu Fati និង Raphinha របស់ក្លិប Barcelona ជាអ្នកជំនួសតំណែងដ៏ស័ក្កិសមបំផុតសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah

ជាការពិតណាស់ កុងត្រាបច្ចុប្បន្នរបស់ Salah បានឈានដល់រយ:ពេល ១៨ខែចុងក្រោយហើយ ខណ:ពេលដែលបច្ចុប្បន្ននេះ ហាក់នៅមិនទាន់មានការចរចាណាមួយត្រូវបានធ្វើឡើង ជុំវិញការបន្តកុងត្រាថ្មីទៀតនោះឡើយ។

ដំបូងឡើយវាត្រូវបានគេគិតថា ការបន្តកុងត្រាថ្មីដល់ Salah អាចធ្វើទៅបានដោយរលូន ប៉ុន្តែចាប់តាំងពីការប្រកាសចាកចេញរបស់អ្នកចាត់ការក្រុមលោក Jurgen Klopp នៅដំណាច់រដូវកាលនេះមក វាហាក់បានធ្វើឲ្យអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប កំពុងស្ថិតនៅក្នុងភាពសង្ស័យផងដែរ។

ហើយឥឡូវនេះ យោងតាមសារព័ត៌មាន TeamTalk បានចុះផ្សាយមកថា Fati និង Raphinha សុទ្ធសឹងតែកំពុងស្ថិតនៅក្នុងបញ្ជីគោលដៅធំរបស់ Liverpool ប្រសិនបើ Salah ត្រូវដើរចេញពីក្លិបនោះ។

ជម្រាបជូនផងដែរថា ទាំង Fati និង Raphinha សុទ្ធសឹងតែធ្លាប់មានបទពិសោធលេងនៅក្នុងក្របខ័ណ្ឌ Premier League រួចហើយ ដោយថ្មីៗនេះ Fati កំពុងត្រូវបានលេងនៅក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល ជាមួយក្លិប Brighton & Hove Albion

ប្រភព: Sportsmole