ពត៌មានថ្មីៗ

កីឡាករ Chelsea បង្ហាញការស្តាយក្រោយ បន្ទាប់ពីចុះកុងត្រារយ:ពេលវែងជាមួយក្លិប

យោងតាមរបាការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា កីឡាកររបស់ក្រុមតោខៀវ Chelsea មួយចំនួននៅក្នុងក្រុមរបស់លោក Mauricio Pochettino ហាក់បានបង្ហាញពីការស្តាយក្រោយ បន្ទាប់ពីបានសម្រេចចិត្តចុះហត្ថលេខាលើកុងត្រារយ:ពេលវែងជាមួយក្លិប។

ជាក់ស្តែង ចាប់តាំងពីសហម្ចាស់ក្លិប លោក Todd Boehly បានចូលកាន់តំណែងបន្តពីលោក Roman Abramovich ក្នុងខែឧសភា ឆ្នាំ២០២២ មក ក្រុមតោខៀវបានសម្រេចចិត្តផ្តល់កិច្ចសន្យារយៈពេលវែងដល់កីឡាករចំណូលថ្មីរបស់ពួកគេជាច្រើនរូប។

គួរឲ្យដឹងថា Mykhailo Mudryk ដែលបានផ្ទេរមកចូលរួមជាមួយក្លិប កាលពីក្នុងខែមករាឆ្នាំ ២០២៣ បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំបីឆ្នាំកន្លះ ទន្ទឹមនឹងនោះ Enzo Fernandez ដែលបានមកដល់ក្នុងទីផ្សារដោះដូរកីឡាករដូចគ្នា ក៏បានចុះកុងត្រាដល់ឆ្នាំ ២០៣១ ផងដែរ ។

ក្រៅពីនេះ កីឡាករ Moises Caicedo និង Nicolas Jackson ក៏ស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ២០៣១ ផងដែរ ស្របពេលកីឡាករចំណូលថ្មីផ្សេងទៀត ដូចជា Robert Sanchez, Benoit Badiashile, Djordje Petrovic, Noni Madueke, Cole Palmer, Malo Gusto, Romeo Lavia, Lesley Ugochukwu និង Deivid Washington សុទ្ធសឹងតែជាប់កុងត្រារហូតដល់ឆ្នាំ២០៣០ ឯណោះ។

ហើយឥឡូវនេះ ដោយយោងតាមសារព័ត៌មាន The Athletic បានអះអាងថា កីឡាករចំណូលថ្មីមួយចំនួន របស់ Chelsea បានសម្តែងការសោកស្តាយជាឯកជន ចំពោះកិច្ចសន្យារយៈពេលវែងដែលពួកគេបានចុះហត្ថលេខា ដោយពួកគេមិននឹកស្មានថាកុងត្រាដ៏យូរបែបនេះ ត្រូវបានភាគីក្លិបទាំងពីរព្រមព្រៀងគ្នា តាំងពីដំបូងនោះឡើយ៕

ប្រភព: Metro