ពត៌មានថ្មីៗ

ក្លិបធំមួយនៅ PL កំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Felix

Tottenham Hotspur ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា គឺជាក្លឹបចុងក្រោយគេដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Joao Felix នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។

ជាក់ស្តែង បន្ទាប់ពីការខ្ចីជើងរយៈពេលប្រាំមួយខែដែលមិនទទួលបានភាពជោគជ័យនៅ Chelsea ខ្សែប្រយុទ្ធរបស់ក្រុម Atletico Madrid រូបនេះ ក៏បានសម្រេចចិត្តចូលរួមជាមួយ Barcelona ក្នុងកិច្ចសន្យាបណ្តោះអាសន្ន សម្រាប់រដូវកាលនេះជំនួសវិញ។

គួរឲ្យដឹងថា បើទោះបីជាបានក្លាយជាផ្នែកដ៏សំខាន់បំផុតមួយ សម្រាប់ក្រុមយក្សកាតាឡាន់ក៏ដោយ ប៉ុន្តែអនាគតរបស់ Felix ហាក់មានភាពសង្ស័យនៅពេលដែល Barca មិនទាន់មានភាពច្បាស់លាស់ថាគួរតែបន្តកិច្ចសន្យាខ្ចីជើងបន្ថែម ឬផ្តល់សំណើទិញផ្តាច់នោះឡើយ។

ជុំវិញស្ថានភាពនេះ អាចនឹងធ្វើឲ្យក្លិប Barcelona ប្រឈមមុខជាមួយនឹងការប្រកួតប្រជែងពីសំណាក់ក្លិបផ្សេងទៀត ខណ:ពេលដែលរបាយការណ៍ពី Fichajes បានរាយការណ៍មកថា ក្លិប Tottenham បានបន្ថែម Felix ទៅក្នុងបញ្ជីគោលដៅកំពូលរបស់ខ្លួន នៅទីផ្សារខាងមុខ។

ជម្រាបជូនផងដែរថា ក្លិបTottenham ត្រូវ​បាន​គេ​រំពឹង​ថា​នឹងបន្តព្យាយាមស្វែងរកជម្រើសថ្មី ដើម្បីមក​ពង្រឹង​តំបន់ប្រយុទ្ធរបស់ខ្លួន ពោលគឺចាប់តាំងពី Harry Kane បាន​ចាក​ចេញ​ទៅចូលរួមជាមួយក្លិប Bayern Munich កាល​ពី​រដូវ​ក្ដៅ​មុន៕

ប្រភព: Sportsmole