ពត៌មានថ្មីៗ

Cody Gakpo ជ្រុល​ដៃ​រំលង​ច្បាប់​មាស​ដែល Jurgen Klopp កំណត់ ៧ ឆ្នាំ

ត្រលប់​ទៅ​ខែ​មករា ឆ្នាំ ២០២៣ ខ្សែ​ប្រយុទ្ធ​ហូឡង់ Cody Gakpo បាន​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ​ក្លឹប​នៅ​ទឹកដី Anfield ជាមួយ​តម្លៃ​ផ្ទេរ​កាល​នោះ ៤៤ លាន​ផោន។ កំឡុង​ការ​ប្រកួត​ថ្មីថ្មោង​របស់​គេ ទល់ Everton មាន​របាយការណ៍​មក​ថា កីឡាករ​បាន​ធ្វើ​ខុស​នឹង​វិន័យ​ក្លឹប។

ជា​ការ​ដាក់​កំហិត​របស់​លោក Jurgen Klopp អ្នកចាត់ការ​កំពូល​នៅ Premier League រៀបចំ​ច្បាប់​ទម្លាប់​សម្រាប់ Liverpool តាំង​ឆ្នាំ ២០១៦ សរុប​ចូល​ជិត ៧ ឆ្នាំ​ល្បាក់​ពេលវេលា​នោះ។ នោះ​គឺ​ហាម​មិន​ឲ្យ​កីឡាករ​ណា​ដែល​មិន​ទាន់​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​រង្វាន់ ទៅ​ប៉ះ​ស្លាក​សញ្ញា ‘This Is Anfield’ ជា​ដាច់​ខាត។

ដល់​តែ Gakpo មិន​ដឹង​ថា គេ​មាន​ចេតនា ឬ​អចេតនា​ដោយ​មិន​បាន​ដឹង​រឿង​នោះ​ជា​មុន ក៏​ស្រាប់​តែ​មុន​ចូល​ទៅ​កាន់​ទីលាន​ប្រកួត គេ​បាន​យក​ដៃ​ទៅ​ប៉ះ​ស្លាក ‘This Is Anfield’។ មិន​មាន​ការ​ចុះ​ផ្សាយ​បន្ទាប់​ទេ ថា Gakpo ត្រូវ​គ្រូ​ដាក់​ពិន័យ​ឬ​អត់។ ទន្ទឹម​នឹង​រដូវ​កាល​សព្វថ្ងៃ គេ​កំពុង​សកម្ម​ឲ្យ​ហង្ស​ក្រហម នៅ ៣២ ប្រកួត​សរុប ក៏​រក​បាន ៩ គ្រាប់​និង Assist ៤ លើក។

រំឭក​ថយ​ក្រោយ​គ្រា​ករណី Thiago Alcantara មក​ដល់​ថ្មីថ្មោង ក៏​គេ​លាន់​មាត់​និយាយ​រឿង​នោះ​ដែរ ដោយ​លឺ​តាម Fernando Torres ជា​អតីត Legend អំពី​ទំនៀមទម្លាប់ រួច​គេ​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​ជា​ពិសេស ដោយ​មិន​ប៉ះ​ស្លាក​នោះ​ជា​ដាច់​ខាត​រហូត​ដល់​មាន​ការ​ឈ្នះ​ពាន៕

ប្រភព៖ SportBible