ពត៌មានថ្មីៗ

Lingard ក្លាយ​ជា​កីឡាករ​ស៊ី​ថ្លៃ​បង្អស់​នៅ​លីគ​កំពូល​កូរ៉េ​ខាង​ត្បូង

Jesse Lingard បាន​ព្រមព្រៀង​កុងត្រា​ថ្មី​រយៈ​ពេល ២ ឆ្នាំ ជាមួយ​សិទ្ធ​បន្ត​ពី​លើ​នោះ ១២ ខែ ទៅ​ចុះចូល​នៅ​ក្លឹប​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង FC Seoul ក្រោយ​តែ​ពេល​ដែល​ទំនេរ​ជើង​ជិត​កន្លះ​រដូវ​កាល ជាមួយ​ក្លឹប​ចាកចេញ​ចុងក្រោយ​គឺ Nottingham Forest។

ចំពោះ​ការ​មក​ដល់​របស់​បុរស​វ័យ ៣១ ឆ្នាំ គេ​ហាក់​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ តាំង​ពី​ព្រលាន​យន្តហោះ រហូត​មក​ដល់​ច្រក​ចូល​ក្លឹប អ្វី​ដែល​ពិសេស​ FC Seoul ក៏​បាន​ផ្តល់​កុងត្រា​ប្រាក់​ឈ្នួល​ខ្ពស់​កប់​ពពក ដល់​រុញ​កីឡាករ​អង់គ្លេស​ជា​លំដាប់ Top 1 ស៊ី​ថ្លៃ​បង្អស់​ទៀត​ផង។

បើ​តាម​សារព័ត៌មាន Korea JoongAng Daily ចុះ​ផ្សាយ Lingard គេ​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ក្លឹប​ក្នុង​ទីក្រុង​សេអ៊ូល​ដល់​ទៅ ១,៥៥ ពាន់​លាន​វុន ឬ​ប្រមាណ ១,១៥ លាន​ដុល្លារ​អាមេរិក/ឆ្នាំ។ តួ​លេខ​នេះ​ស្តាប់​ទៅ​ក៏​មិន​ច្រើន​ពេក​ដែរ ប្រសិន​ធៀប​នឹង​លំដាប់​កីឡាករ​នៅ​អឺរ៉ុប ត្រង់​ខ្លះ​ចាយ​ពេល​ត្រឹម ៣ សប្តាហ៍​គឺ​អាច​រក​បាន​ហើយ។

Lingard ជា​កីឡាករ​អង់គ្លេស​ទី ៧ ដែល​ផ្ទេរ​មក K League បន្ទាប់​តែ​ពី Jordan Mutch, Richard Offiong, Chris Marsden, Andy Cooke, Jamie Cureton និង Dalian Atkinson។ រំឭក​ថា FC Seoul នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ពួក​គេ នៅ​ប្រកួត​ទល់ Gwangju FC នា​ថ្ងៃ​ទី ០៣ មិនា៕

ប្រភព៖ Korea JoongAng Daily