Man Utd ដាក់ក្តីរំពឹងខ្ពស់ថាអាចទាញយក De Ligt មកកាន់ក្រុមនៅរដូវកាលក្រោយ

ក្លិបបិសាចក្រហម Manchester United ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងមានសង្ឃឹមកាន់តែច្រើន ក្នុងការនាំយកខ្សែការពារ Matthijs de Ligt របស់ Bayern Munich មកកាន់ទឹកដី Old Trafford នៅទីផ្សារដោះដូររដូវក្តៅខាងមុខ។

ជាក់ស្តែង De Ligt ដែលបានចំណាយពេល ៣ឆ្នាំនៅក្នុងក្របខ័ណ្ឌ Serie A បានសម្រេចចិត្តផ្ទេរមកកាន់ក្លិបអាឡឺម៉ង់នៅរដូវក្តៅឆ្នាំ២០២២ ប៉ុន្តែគេហាក់កំពុងជួបប្រទះជាមួយភាពលំបាកយ៉ាងខ្លាំង ក្រោមដឹកនាំរបស់លោក Thomas Tuchel នៅរដូវកាលនេះ ពោលគឺចាប់តាំងពី Kim Min-jae បានផ្ទេរមកពីក្រុម Napoli

ហើយឥឡូវនេះ យោងតាម The Mirror បានអះអាងថាក្លិប Man United កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពរបស់ខ្សែការពារកណ្តាលសញ្ជាតិហូឡង់រូបនេះ បើទោះបីជាគេនៅតែសល់រយៈពេល ៣ ឆ្នាំកន្លះទៀត ដើម្បីដំណើរការលើកិច្ចព្រមព្រៀងបច្ចុប្បន្នជាមួយក្រុមជើងឯកអាល្លឺម៉ង់ក៏ដោយ។

ជម្រាបជូនផងដែរថា បច្ចុប្បន្នក្រុមរបស់លោក Ten Hag កំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ជុំវិញជម្រើសខ្សែការពារកណ្តាលដែលមានស្រាប់របស់ខ្លួន ខណៈដែលទាំង Raphael Varane និង Jonny Evans សុទ្ធសឹងតែអាចត្រូវចាកចេញ ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន នៅរដូវកាលក្រោយ៕

ប្រភព: Sportsmole