Scholes ថា Man United ​ត្រូវ​ពឹងផ្អែក​តារា​ចាស់​វស្សា ២ រូប​នេះ ដើម្បី​បាន​កៅអី UCL

ក្លឹប​បិសាច​ក្រហម Manchester United លេង​មិន​ទាន់​ស្គាល់​ចាញ់​នោះ​ទេ​ក្នុង​ឆ្នាំ ២០២៤ ពោល ៦ ប្រកួត​ចុងក្រោយ​របស់​គេ មាន​តែ​ពាក្យ​ថា ស្មើ និង​ឈ្នះ ឥត​បរាជ័យ ឥឡូវ​ក្នុង​តារាង Premier League ឯ​ណេះ ក៏​បាន​រំកិល​ខ្លួន​មក​ឈរ​លេខ ៦ មាន ៤១ ពិន្ទុ នៅ​ចាញ់​ក្លឹប Top 4 គឺ Spurs តែ ៦ ពិន្ទុ។

វា​ជា​ការ​កែប្រែ​លទ្ធផល​ដ៏​ល្អ​មួយ បើ​ធៀប​នឹង​ចុង​ឆ្នាំ​ចាស់ ២០២៣ ដែល​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Erik ten Hag ធ្លាក់​ទៅ​លេខ​រៀង​ទី ៩ ទី ១០ ឯ​ណោះ។ ទោះ​យ៉ាង​ណា​ងាក​ទៅ​អតីត​ជើង​ចាស់​លោក Paul Scholes បាន​លើក​ទឹកចិត្ត​និង​ជំរុញ​ឲ្យ​ក្លឹប​បន្ត​ទម្រង់​បែប​នេះ​ទៀត ហើយ​ក៏​គួរ​អរគុណ​ដល់​ចំណែក​តារា​ឆ្នើម​ចាស់​វស្សា​តំបន់​ក្រោម​ផង​ដែរ។

នោះ​សំដៅ​ទៅ Casemiro និង Raphael Varane។ សម្រង់​សម្តី​របស់ Scholes៖ “ខ្ញុំ​ទទួល​អារម្មណ៍​មួយ​ថា រយៈ​ពេល ២ ឬ ៣ សប្តាហ៍​ចុងក្រោយ​នេះ ជាមួយ​កីឡាករ​ដែល​ក្លឹប​មាន យើង​អាច​មាន​លទ្ធភាព​លោត​ចូល​ទៅ​ក្នុង Top 4 បើ​តាម​បទពិសោធន៍​ដែល​ត្រលប់​មក​កាន់​ក្រុម​វិញ”។

លោក​បន្ថែម៖ “ពួក​គេ​មាន​កីឡាករ​វ័យ​ក្មេង​ជា​ច្រើន តែ​ត្រូវ​ដឹង​ថា មាន Casemiro មាន Varane ជា​អ្នក​ដែល​បាន​បង្កើត​ភាព​ខុស​ប្លែក ក៏​បន្ថែម​គុណភាព​មួយ​កម្រិត​ដែរ វា​ត្រង់​ថា​ជួន​កាល​ទៅ​មិន​សំខាន់​ពួក​គេ​លេង​របៀប​ណា​ទេ តែ​សំខាន់​ជា​ការ​ប្រើ​ឈ្មោះ​បន្លាច​ខាង​ក្រុម​គូ​ប្រជែង”៕

ប្រភព៖ Metro