ពត៌មានថ្មីៗ

Paul Scholes ថា​ភ្ញាក់ផ្អើល​នឹង​កីឡាករ Arsenal រូប​នេះ​ជា​ខ្លាំង ជុំវិញ​បាល់ Set Piece

អតីត​ជើង​ចាស់​លោក Paul Scholes ដែល​បាន​ទស្សនា​ការ​ប្រកួត​រវាង Arsenal ទល់ West Ham កន្លង​ទៅ បាន​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ជុំវិញ​ទម្រង់​របស់​ Declan Rice ដែល​គេ​គឺ​ជា​អ្នក Assist ចំណែក​គ្រាប់​បាល់​ទាំង ៣ ​នៅ​ជ័យជម្នះ​ធំធេង ៦-០ ទៅ​លើ​ម្ចាស់ផ្ទះ។

ក៏​ជា​អតីត​តារា​ឆ្នើម​មួយ​រូប​របស់​ញញួរ​ធំ ដល់​តែ​យប់មិញ​មក​ប្រកួត​តំណាង​ឲ្យ​ក្លឹប​ថ្មី ហើយ​បច្ចេកទេស​លើក​បាល់ Set piece នានា​របស់​គេ ដូច​ជា​ការ​លើក​បាល់​ជ្រុង​ជា​ដើម មើល​ទៅ​ដូច​ដឹង​ចន្លោះ ដឹង​ប្រហោង​របស់​ក្លឹប​ West Ham អ៊ីចឹង។

ងាក​ទៅ Scholes បាន​និយាយ៖ “Rice គេ​បាន​បង្ហាញ​ទម្រង់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​ខ្ញុំ វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​នេះ​ជា​អ្វី​ខ្ញុំ​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក ត្រង់​បាល់ Set pieces ប៉ុន្មាន​លើក​របស់​គេ ពិត​ជា​បាន​បង្កើត​បញ្ហា​ដល់ West Ham ដូច​យើង​ឃើញ​មែន”។

ស្រដៀង​គ្នា​នឹង​អ្នកចាត់ការ​លោក Mikel Arteta ក៏​សរសើរ​កីឡាករ​អង់គ្លេស​មិន​ដាច់​ពី​មាត់៖ “ហ្នឹង​ហើយ​វា​ជា​អ្វី​ដែល​យើង​បាន​ដឹង​មុន ហើយ​តែងតែ​ស្រមៃ​នឹង​អាច​កើត​ឡើង តែ​វា​ក៏​ពឹងផ្អែក​លើ​កីឡាករ​ក្នុង​ក្រុម លើ​កម្ពស់​កីឡាករ​ក្នុង​ប្រអប់​ផង​ដែរ”៕
ប្រភព៖ Metro