ពត៌មានថ្មីៗ

Kroos៖ “សម្លេង Boo របស់​អ្នក​គាំទ្រ​នៅ​អារ៉ាប៊ីសាអូឌីត បង្ហាញ​ច្បាស់​ថា​ខ្ញុំ​និយាយ​មុន​ហ្នឹង​ត្រូវ”

ខ្សែ​បម្រើ Toni Kross របស់​ក្លឹប Real Madrid បាន​សង្កត់​ធ្ងន់​ជា​ថ្មី ពាក់ព័ន្ធ​ការ​រិះគន់​របស់​ខ្លួន​កន្លង​មក​ទៅ​លើ​បាល់ទាត់​នៅ​អារ៉ាប៊ីសាអូឌីត ថា​គ្រប់​យ៉ាង​អ្នក​ទៅ​ទី​នោះ គឺ​ដើម្បី​លុយ មិន​មែន​ដើម្បី​ភាព​រីក​ចម្រើន​នៃ​បាល់ទាត់​សកល​អី​នោះ​ទេ។

កីឡាករ​អាល្លឺម៉ង់ និយាយ​ម្តង​ហើយ​ម្តង​ទៀត ទាំង​ឥត​ញញើត​មាត់​ឡើយ នេះ​មុន​ការ​ប្រកួត​សំខាន់​ទល់ RB Leipzig ​ជើង​ទី ១ វគ្គ ១៦ ក្រុម UEFA Champions League។ បុរស​វ័យ ៣៤ ឆ្នាំ​លើក​ឡើង៖ “សម្រាប់​ខ្ញុំ នេះ​ជា​ការ​បញ្ជាក់​ច្បាស់​ណាស់ ថា​អ្វី​ដែល​ខ្ញុំ​បាន​រៀបរាប់​នៅ​បទសម្ភាសន៍​កន្លង​មក​គឺ​ត្រឹមត្រូវ ស្ថានភាព​សិទ្ធ​មនុស្ស​នៅ​ទី​នោះ ជា​អ្វី​ដែល​បញ្ឈប់​ខ្ញុំ មិន​ឲ្យ​ផ្លាស់ប្តូរ​ទៅ”។

លោក​បន្ត៖ “ម្នាក់ៗ​និយាយ​ថា ទៅ​លេង​ដោយសារ​ឆន្ទៈ​ស្រលាញ់​បាល់ទាត់​នៅ​ទី​នោះ តែ​មិន​មែន​ដោយសារ​លុយ វា​ជា​ការ​គិត​ដើម្បី​លុយ​ច្បាស់​ណាស់ ហើយ​ពិត​ជា​បាន​ប្រឆាំង​បាល់ទាត់ ហើយ​គ្រប់​យ៉ាង​កំពុង​ចាប់ផ្តើម​ទៅ​ជា​រឿង​លំបាក​សម្រាប់​បាល់ទាត់​ដែល​យើង​ធ្លាប់​បាន​ដឹង​និង​ស្រលាញ់​ពី​មុន”។

រំឭក​ថា ដ្បិត​បើ​រិះគន់​បែប​នេះ​មែន តែ​ក៏​មាន​អតីត​មិត្ត​រួម​ទ្រនំ​មួយ​ចំនួន​របស់​គេ​ដូច Karim Benzema ដូច Cristiano Ronaldo កំពុង​ឈរ​ជើង​ឲ្យ​ក្លឹប​នៅ​មជ្ឈិមបូព៌ា។ តែ​ក៏​មាន​អ្នក​ចេញ​ក្រោយៗ​បក​ទៅ​រិះគន់​បាល់ទាត់​នៅ​ទី​នោះ​ឡើង​វិញ ដូច​ករណី Jordan Henderson ដែល​ទៅ​ចូលរួម​នៅ Al-Ettifaq បាន​ប៉ុន្មាន​ខែ ហើយ​ផ្ទេរ​មក Ajax៕

ប្រភព៖ BeSoccer