ពត៌មានថ្មីៗ

Xavi៖ “កំហុស​ប្រព័ន្ធ​ការពារ ពិត​ជា​បាន​សម្លា-ប់​ក្រុម​របស់​យើង​រដូវ​កាល​នេះ”

ការ​ស្មើ​ចុងក្រោយ ៣-៣ ទល់ Granada មិន​ជា​លទ្ធផល​ដែល Xavi Hernandez ជា​អ្នកចាត់ការ​ចង់​បាន​នោះ​ទេ ហើយ​លោក​ក៏​មិន​បាន​យក​លេស​អ្វី​ដែរ ផ្ទុយ​ទៅ​វិញ គឺ​សង្កត់​ធ្ងន់​ចំៗ ជុំវិញ​ចន្លោះ​ប្រហោង​ក្លឹប​កំពុង​ជួប​ប្រទះ នោះ​គឺ​តំបន់​ការពារ​ក្រោម​បាន​បង្ក​កំហុស​ម្តង​ហើយ​ម្តង​ទៀត។

គ្រូ​សញ្ជាតិ​អេស្ប៉ាញ​បាន​រៀបរាប់​ថា៖ “​ថ្ងៃ​នេះ​យើង​បាត់បង់​ឱកាស​យក ២ ពិន្ទុ​បន្ថែម​ក៏​ដោយសារ​កំហុស​ប្រព័ន្ធ​ការពារ នៅ​តំបន់​ប្រយុទ្ធ​ខាង​លើ​យើង​ល្អ​ហើយ យើង​ពិត​ជា​បាន​បង្កើត​ឱកាស តែ​តំបន់​ការពារ​ក្រោម​បាន​សម្លា-ប់​ពួក​យើង​នៅ​រដូវ​កាល​នេះ”។

លោក​បន្ត៖ “គ្រាប់​បាល់​ទី​ពីរ​ពិត​ជា​អស្ចារ្យ តែ​សង្ខេប​មក​អ្នក​រក​បាន ៣ គ្រាប់ ក៏​របូត ៣ គ្រាប់​ទៅ​វិញ វា​ពិត​ជា​ពិបាក​នឹង​ការ​ប្រកួតប្រជែង​របៀប​នេះ យើង​ត្រូវ​តែ​ពង្រឹង​ប្រព័ន្ធ​ការពារ​ឲ្យ​ខ្លាំង​ឡើង បាល់ទាត់​គឺ​បែប​នេះ ស្មោះត្រង់​ទៅ​កំហុស​របស់​ជញ្ជាំង​ក្រោម ដូច​ករណី​គ្រាប់​បាល់​ទី​ពីរ​របូត​នោះ វា​ជា​ឧទាហរណ៍​នៃ​ការ​សម្លា-ប់​ក្រុម​របស់​យើង”។

គួរ​បញ្ជាក់​ថា អ្នក​មាន​បុណ្យ​កំពុង​ឈរ​លេខ ៣ នៅ​តារាង La Liga ត្រង់​មាន ៥១ ពិន្ទុ ​បន្ទាប់​ការ​ឈ្នះ ១៥ ស្មើ ៦ និង​ចាញ់ ៣។ ប្រកួត​បន្ទាប់​ពួក​គេ​ត្រូវ​ចូល​ជួប​ម្ចាស់ដី Celta Vigo មុន​ហោះ​ទៅ​អ៊ីតាលី ប៉ះ Napoli នៅ​ប្រកួត​សំខាន់​វគ្គ ១៦ ក្រុម UCL ជើង​ទី ១ ក៏​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS SPORTS៕

ប្រភព៖ BeSoccer