ពត៌មានថ្មីៗ

Ronaldo ប្រាប់​ឲ្យ Ferdinand មិន​បាច់​បារម្ភ​អំពី​ទម្រង់ Diogo Dalot នៅ Man United ទេ

អតីត​ជើង​ចាស់​ក៏​ជា​អ្នក​វិភាគ​បាល់ទាត់​មួយ​រូប លោក Rio Ferdinand ​បាន​ទម្លាយ​នូវ​ការ​សន្ទនា​រវាង​ខ្លួន​និង Cristiano Ronaldo ជុំវិញ​ការ​ជជែក​ពាក់ព័ន្ធ​នឹង​ខ្សែ​ការពារ​ក្រោម Diogo Dalot ត្រង់ Ferdinand ហាក់​បង្ហាញ​ការ​មិន​ពេញចិត្ត​មួយ​ចំនួន​ទាក់ទង​នឹង​ទម្រង់​លេង​របស់​គេ។

ជា​ការ​ពិត Dalot ​ស្ថិត​ក្នុង​អាយុ ២៤ ឆ្នាំ លេង​តំណែង​ការពារ​ស្លាប ​មើល​ទៅ​ល្អ​ដែរ តែ Ferdinand ចេះ​តែ​មាន​ការ​មិន​ពេញចិត្ត​ចំណុច​មួយ​ចំនួន ដល់​តែ​ថ្ងៃ​នេះ លោក​ហាក់​ប្តូរ​ចិត្ត​ហើយ។ អតីត​ខ្សែ​ការពារ​ខាង​លើ​រៀបរាប់៖ “Dalot ត្រូវ​តែ​លើក​មក​និយាយ​ថ្ងៃ​នេះ គេ​ជា​កីឡាករ​ដែល​ខ្ញុំ​មិន​សូវ​ជា​ទុកចិត្ត​កាល​ពី​ដំបូង”។

លោក​បន្ត៖ “ខ្ញុំ​ចាំ​បាន​ពេល​និយាយ​ជាមួយ Cristiano Ronaldo ហើយ​សួរ​ថា តើ​ Dalot គេ​ល្អ​ពិត​មែន​អី? ក៏​ស្រាប់​តែ Cristiano ​ឆ្លើយ ​ខ្ញុំ​ជឿ​លើ​ក្មេង​ប្រុស​ម្នាក់​នេះ គេ​នឹង​ខិតខំ​ខ្លាំង គេ​នឹង​ធ្វើ​ឲ្យ​ខ្លួន​ឯង​ល្អ​ប្រសើរ​ឡើង ហើយ​ពង្រឹង​បាន​ល្អ​ជាង​មុន ១០០ ភាគរយ ខ្ញុំ​នៅ​តែ​មើល​ឃើញ គេ​ត្រូវ​ពង្រឹង​បន្តិច​ទៀត តែ​យ៉ាង​ណា​ថ្ងៃ​មុន​ទល់ Aston Villa គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ”។

រំឭក​ថា Dalot បាន​ផ្ទេរ​ចេញ​ពី FC Porto មក​ចូលរួម​នៅ Old Trafford កាល​ឆ្នាំ ២០១៨ ហើយ​សរុប​ការ​បង្ហាញ​ខ្លួន​កន្លង​មក ១៣៩ ប្រកួត ក៏​គេ​អាច​រក​បាន ៥ គ្រាប់​និង Assist ៩ លើក។ ​បុរស​វ័យ ២៤ ឆ្នាំ ជាប់​កុងត្រា​រយៈ​ពេល​យូរ​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៨ ជាមួយ​ក្លឹប៕

ប្រភព៖ Metro