ពត៌មានថ្មីៗ

Ancelotti ប្រាប់​សមាសភាព​ដែល​ត្រូវ​ចូល​ជំនួស Jude Bellingham ក្រោយ​ជួប​របួស​សម្រាក​ច្រើន​សប្ដាហ៍

ខ្សែ​បម្រើ​វ័យ​ក្មេង Jude Bellingham បាន​ជួប​របួស​ត្រង់​ផ្នែក​ក​ជើង កាល​ពី​ប្រកួត​ទល់ Girona ហើយ​សម្រេច​ច្បាស់​ទៅ គេ​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​ក៏ ២ សប្ដាហ៍ ឬ​អាច​ឡើង​ដល់ ១ ខែ​ផង ក៏​មាន​ន័យ​នឹង​ត្រូវ​អវត្តមាន​ពី​ប្រកួត​សំខាន់ៗ​ជា​ច្រើន រួម​ទាំង​ជំនួប​នៅ UEFA Champions League។

ងាក​ទៅ​អ្នកចាត់ការ​លោក Carlo Ancelotti ហាក់​មិន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ ក៏​ព្រោះ​ជឿ​ថា សមាសភាព​ដែល​សេសសល់​ក្នុង​ដៃ អាច​មាន​លទ្ធភាព​ប៉ះប៉ូវ​តំណែង​នោះ​បាន ណា​មួយ​ទៀត​កន្លង​មក​ពេល​មិន​មាន​កីឡាករ​អង់គ្លេស អធិរាជ​ស​នៅ​តែ​ទទួល​បាន​លទ្ធផល​ល្អ​ជា​ទី​គាប់​ចិត្ត។

គ្រូ​សញ្ជាតិ​អ៊ីតាលី និយាយ៖ “យើង​មិន​ដែល​គិត​ដល់​កីឡាករ​ដែល​អវត្តមាន​នោះ​ទេ វា​យុត្តិធម៌​ជាង ការ​ដែល​ត្រូវ​និយាយ​អំពី​កីឡាករ​មាន​វត្តមាន​នៅ​ទី​នេះ រឿង​អវត្តមាន Bellingham កន្លង​មក ៤ ប្រកួត​អត់​គេ ក៏​យើង​ឈ្នះ​ទាំង ៤ នៅ​រដូវ​កាល​នេះ”។

លោក​បន្ត៖ “អ្នក​ដែល​បាន​ជំនួស​ Bellingham ក៏​គេ​ធ្វើ​បាន​ល្អ​ដែរ គឺ​រវាង Brahim [Diaz] ឬ Joselu”។ រំឭក​ថា ពួក​គេ​ទាំង​ពីរ​សរុប​គ្រាប់​បាល់​បញ្ចូល​គ្នា​ក៏​មាន​ដល់​ទៅ ១៩ គ្រាប់ យ៉ាង​ណា​មិន​ទាន់​មាន​ការ​បង្ហើប​ច្បាស់​ថា នឹង​ដាក់​នរណា​ចូលលេង​ជាក់លាក់​ទេ​រវាង​អ្នក​ទាំង​ពីរ ពេល​ប៉ះ RB Leipzig ​ថ្ងៃ​ខាង​មុខ៕

ប្រភព៖ Goal