ក្លិបធំនៅ PL មួយ កំពុងចាប់អារម្មណ៍នាំយកលោក Tuchel ត្រលប់មកអង់គ្លេសវិញ

ក្លិប West Ham United ត្រូវបានគេរាយការណ៍មកថា បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ក្នុងនាំយកអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Thomas Tuchel ត្រលប់មកកាន់ទឹកដី Premier League សារជាថ្មីម្តងទៀត។

ជាការពិតណាស់ ដោយស្ថិតនៅក្នុងស្ថានភាពដ៏លំបាកមួយនៅរដូវកាលនេះ ក្លិប West Ham ត្រូវបានគេរាយការណ៍មកថា កំពុងជ្រើសរើសយកគ្រូបង្វឹករបស់ក្លិប Bayern Munich ជាបេក្ខភាពដ៏ធំមួយ សម្រាប់មកជំនួសតំណែងរបស់លោក David Moyes

គួរឲ្យដឹងថា កិច្ចសន្យារបស់ Moyes ជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ គ្រោងនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយបើយោងតាមរបាយការណ៍ពី HITC បានអះអាងថាក្លឹប West Hamហាក់គ្មានគម្រោងចង់បន្តកិច្ចសន្យាថ្មីណាមួយបន្ថែមទៀតនោះឡើយ។

ទន្ទឹមនឹងនេះ នាយកបច្ចេកទេសរបស់ក្លិប គឺលោក Tim Steidten ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍ក្នុងការនាំយកគ្រូបង្វឹកល្បីឈ្មោះម្នាក់ មកកាន់ក្លិបរដូវក្តៅខាងមុខនេះ ហើយ Tuchel ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនក្នុងបញ្ជីគោលដៅរបស់លោក។

ជម្រាបជូនផងដែរថា លោក Tuchel បច្ចុប្បន្នហាក់កំពុងស្ថិតនៅក្នុងសម្ពាធយ៉ាងខ្លាំង ដោយក្រុម Bayern Munich បានជួបការលំបាកនាពេលថ្មីៗនេះ ក្រោយរងបរាជ័យ ៣ប្រកួតក្នុងលីគជាប់ៗគ្នា និងកំពុងតាមពីក្រោយក្រុមកំពូលតារាង ដល់ទៅ ៨ពិន្ទុឯណោះ៕

ប្រភព: Sportskeeda