ជម្រើស​លេខ​ពិសេស ៣ ដែល​ Kylian Mbappe ត្រូវ​គិតគូរ​ជាមួយ​ក្លឹប​ថ្មី Real Madrid

ដំណឹង​ផ្ទេរ Kylian Mbappe មក​កាន់​ក្លឹប​អធិរាជ​ស Real Madrid បើ​ទោះ​បី​មិន​ទាន់​ប្រកាស ក៏​ប៉ុន្តែ​វា​ប្រុង​នឹង​កើត​ឡើង​ទៅ​ហើយ ត្រង់​មាន​ប្រភព​ធំៗ​ជា​ច្រើន​ចុះ​ផ្សាយ កីឡាករ​​បារាំង​នឹង​ផ្ទេរ​មក​ចូលរួម​ក្នុង​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន​ជាមួយ​ប្រាក់​ឈ្នួល​ទទួល​បាន​ពី​ក្លឹប​ដឹកនាំ​ដោយ​ប្រធាន​លោក Florentino Perez ​ដល់​ទៅ ៥០ លាន​អឺរ៉ូ/ឆ្នាំ។

ចុះ​ការ​មក​ដល់​របស់​កីឡាករ​វ័យ ២៥ ឆ្នាំ តើ​គេ​នឹង​ប្រើប្រាស់​អាវ​លេខ​ប៉ុន្មាន​ដែរ? នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BeSoccer ជម្រើស​ធំ ៣ របស់​កូន​អណ្តើក​តូច​គឺ​អាច​ជា​រវាង​លេខ ៧,៩ និង​លេខ ១០។ យ៉ាង​ណា​លេខ​ទាំង ៣ សព្វថ្ងៃ​មាន ២ កំពុង​ជាប់​នៅ​នឹង​កីឡាករ​ប្រើប្រាស់ ហើយ​ទំនេរ​ ១ គត់។

ដំបូង​និយាយ​ដល់​លេខ ៧ ជា​របស់ Vinicius Jr និង​ជា​អតីត​លេខ​អាវ​របស់ Cristiano Ronaldo ដែល​ចំ​ជា idol របស់ Mbappe នោះ​ឯង។ លេខ ៧ នេះ​ដែរ ក៏ Mbappe ​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​នៅ​ Paris Saint-Germain តែ​ការ​ដែល​សួរ​ថា កីឡាករ​ប្រេស៊ីល​នឹង​ផ្ទេរ​មក​ឲ្យ​កីឡាករ​បារាំង​ឬ​អត់ វា​នៅ​ស្ថិត​ជា​ចម្ងល់​រង់ចាំ។

យើង​ទៅ​មើល​ជម្រើស​លេខ ៩ វិញ​ម្តង គឺ​ជា​លេខ​ទំនេរ​ឥត​មាន​អ្នក​ពាក់ ត្រង់​ដើម​ឡើយ Joselu គេ​ត្រូវ​ប្រើប្រាស់​លេខ​នោះ តែ​ចុះ​ឡើង​បែរ​មក​ជ្រើស​លេខ ១៤ គិត​ថា​ជា​លេខ​ថ្មី ផ្សងព្រេង​យក​កេរ្តិ៍ឈ្មោះ​ដោយ​ខ្លួន​ឯង ជា​ជាង​ស្នង​សម្ពាធ​ដ៏​ធ្ងន់​បន្ត​ពី Karim Benzema។ តែ​លេខ​អាវ​នេះ ក៏​មិន​អាច​ទុក​យូរ​ត​ទៅ​ទៀត​ដែរ ព្រោះ Endrick អនាគត​គ្រាប់​ពេជ្រ​ថ្មី ក៏​រំពឹង​មក​ដល់។

ចុងក្រោយ​គឺ​លេខ ១០ ជា​លេខ​គេ​ប្រើប្រាស់​នៅ​ជម្រើស​ជាតិ​មាន់​គក​បារាំង ដែល​សព្វថ្ងៃ​ជាមួយ Madrid កំពុង​ជាប់​លើ​ខ្នង Luka Modric។ អនាគត​កីឡាករ​ក្រូអាត​មិន​ប្រាកដប្រជា​ឡើយ ដែល​មាន​ន័យ គេ​អាច​ចាកចេញ​នៅ​ភាគរយ​ខ្ពស់ ហើយ​ទម្លាក់​អាវ​លេខ ១០ មក​ឲ្យ Mbappe ក៏​ទៅ​រួច៕

ប្រភព៖ BeSoccer