Gundogan សរសើរ​បេក្ខភាព​គ្រូ​ថ្មី Barcelona ជា​អ្នក​អាច​មក​ស្នង​តំណែង Xavi មិន​ដាច់​ពី​មាត់

ខ្សែ​បម្រើ​នៃ​ក្លឹប Barcelona គឺ Ilkay Gundogan បាន​ជជែក​ពាក់ព័ន្ធ​នឹង​មន្ទិល​សង្ស័យ​នៃ​ការ​មក​ដល់​របស់​លោក Hansi Flick ក្នុង​គោលបំណង​ជំនួស​កន្លែង Xavi Hernandez ជា​អ្នកចាត់ការ​ប្រកាស​រួចរាល់ នឹង​ចាកចេញ​នៅ​បញ្ចប់​រដូវ​កាល​ខាង​មុខ​នេះ​ហើយ។

កីឡាករ​អាល្លឺម៉ង់ ពិត​ជា​ធ្លាប់​បាន​ស្គាល់​គ្រូ​រួម​សញ្ជាតិ Flick ​នៅ​ជម្រើស​ជាតិ​អស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ ហើយ​ថ្មីៗ​នេះ​ក៏​បាន​បង្ហាញ​ការ​គោរព​តាម​រយៈ​ពាក្យពេចន៍​មួយ​ចំនួន​ផង​ដែរ។ Gundogan លើក​ឡើង៖ “តាម​ពិត​ទៅ​វា​មិន​ទាក់ទង​អី​នឹង​ខ្ញុំ​ទេ គ្រាន់​ថា​បើ​ខ្ញុំ​អាច​និយាយ គឺ Hansi Flick មិន​ត្រឹម​ជា​មនុស្ស​ល្អ​ឡើយ តែ​គាត់​ក៏​ជា​អ្នកចាត់ការ​ដ៏​ល្អ​ម្នាក់​នេះ​ដែរ”។

លោក​បន្ត​ថា៖ “គាត់​មក​ដល់​ជម្រើស​ជាតិ​របស់​យើង ក្នុង​ស្ថានភាព​ដ៏​លំបាក​ខ្លាំង តែ​គាត់​តែងតែ​រក្សា​ភាព​ស្មោះត្រង់ ខ្ញុំ​ពិត​ជា​មាន​ការ​គោរព​ចំពោះ Flick ជា​ខ្លាំង”។ រំឭក​ឲ្យ​បងប្អូន​ដឹង គ្រូ​វ័យ ៥៨ ឆ្នាំ​ខាង​លើ បាន​ឆ្លង​កាត់​ពេលវេលា​ដឹកនាំ​ជម្រើស​ជាតិ​ឥន្រ្ទីយ៍​ដែក​ចន្លោះ​ខែ​សីហា ឆ្នាំ ២០២១ ដល់​ពាក់​កណ្តាល​ខែ​កញ្ញា ឆ្នាំ ២០២៣។

បញ្ចប់​សម្តី​ពាក់ព័ន្ធ​អ្នកចាត់ការ​សព្វថ្ងៃ​លោក Xavi គេ​បន្ត៖ “គាត់​បាន​ដើរ​តួ​ដ៏​ធំ​ក្នុង​ការ​នាំ​យក​ខ្ញុំ​មក​កាន់ Barcelona ត្រង់​ថា​បើ​របៀប​ដែល​យើង​ជជែក​គ្នា​ទៅ​ផ្សេង ក៏​ខ្ញុំ​មិន​អាច​មក​ទី​នេះ​ដែរ ខ្ញុំ​ពិត​មិន​រំពឹង​ថា​គាត់​នឹង​ប្រកាស​ដំណឹង​ចាកចេញ​ទេ យ៉ាង​ណា​ទី​បញ្ចប់​យើង​នៅ​តែ​គោរព​ចំពោះ​គាត់”៕

ប្រភព៖ Barcablaugranes