Ronaldo និង Messi នៅក្នុងចំណោមមិត្តរួមក្រុមល្អបំផុត៣រូប របស់តារាឆ្នើមអាហ្សង់ទីនម្នាក់

Paulo ​Dybala ជាតារាឆ្នើមរបស់ក្លឹប Roma ដែលបានចំណាយពេលសឹងពេញមួយអាជីពរបស់ខ្លួនលេងឱ្យក្លឹបនៅអ៊ីតាលី។ ដំបូងគេលេងនៅ Palermo បន្ទាប់មកក៏ទៅចូលរួម Juventus ហើយបន្ដលេងនៅ Roma ទល់បច្ចុប្បន្ន។

ថ្លែងប្រាប់សារព័ត៌មានអារ៉ាប៊ី សាអ៊ូឌីត ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បានបង្ហើបពីមិត្តរួមក្រុមដែលល្អបំផុតនៅក្នុងពិភពបាល់ទាត់។ Dybala បាននិយាយថា៖ “Messi, Ronaldo និង Higuain គឺមិត្តរួមក្រុមដែលខ្ញុំពេញចិត្តបំផុតនៅក្នុងបាល់ទាត់”។

“Ronaldo គាត់ជាជើងឯក។ បានលេងជាមួយគាត់នៅ Juventus គឺពិតជាអស្ចារ្យ។ ខ្ញុំបានរៀនសូត្រអំពីការផ្ដោតទៅលើអាជីពពីគាត់ ហើយមានចំណង់នៃការឈ្នះ ទោះបីជាសម្រេចបានរឿងជាច្រើនទៅហើយក៏ដោយ។ ខ្ញុំមិនភ្ញាក់ផ្អើលទេ ដែលគាត់ធ្វើបានល្អនៅអារ៉ាប់”។

“ទោះយ៉ាងណាក្ដី ក្ដីសុបិនរបស់ខ្ញុំកាលពីក្មេងគឺបានលេងជាមួយ Messi។ គាត់ពិតជាអ្នកបំផុសគំនិត។ បានរំលែកជោគជ័យនៅ World Cup ជាមួយគាត់ គឺជាអ្វីដែលខ្ញុំមិនអាចបំភ្លេចបាន”៕

ប្រភព៖ AS