Atletico Madrid របូតឱកាសនាំយកខ្សែប្រយុទ្ធឆ្នើមម្នាក់ ដោយសារ Joao Felix

ក្លឹប Atletico Madrid មានគម្រោងក្នុងការនាំយកខ្សែប្រយុទ្ធ Mateo Retegui អំឡុងទីផ្សាររដូវក្ដៅឆ្នាំមុន ប៉ុន្ដែពួកគេមិនអាចសម្រេចការផ្ទេរនេះបាន។

Retegui បានត្រៀមខ្លួនក្នុងការចូលរួមបាល់ទាត់អឺរ៉ុប បន្ទាប់ពីបង្ហាញសមត្ថភាពបានល្អ ក្នុងការលេងក្រោមលក្ខខណ្ឌខ្ចីនៅក្លឹប Tigre ពីក្លឹបអាហ្សង់ទីន Boca Juniors។

យោងតាមទម្លាយឱ្យដឹងពីលោក Carlos Retegui ដែលជាឪពុក និងជាភ្នាក់ងាររបស់ខ្សែប្រយុទ្ធរូបនេះ បានអះអាងថា Atletico Madrid ជាជម្រើសទី១របស់គេ ប៉ុន្ដែការផ្ទេរមិនអាចកើតឡើង ដោយសារកត្តាធំៗមួយចំនួន ហើយក្នុងនោះក៏មានចំណែកពី Joao Felix ផងដែរ។

លោក Carlos Retegui និយាយថា​៖ “កាលពីឆ្នាំមុន យើងត្រៀមរួចរាល់ សម្រាប់ការចុះហត្ថលេខាជាមួយ Atletico Madrid, Mateo បានត្រៀមចូលរួមនៅទីនោះ។ ការផ្ទេរបានបរាជ័យ ដោយសារតែច្បាប់ហិរញ្ញវត្ថុ និង Joao Felix”។

“គេអាចមានជម្រើសក្នុងការលេងនៅអាល្លឺម៉ង់ អង់គ្លេស ឬនៅក្លឹប Genoa។ ពួកគេប្រាប់ខ្ញុំថា គេល្ងង់ដែលមិនជ្រើសយក Premier League ប៉ុន្ដែឱកាសនឹងមកដល់”។

Retegui បានចូលរួមក្លឹប Genoa ហើយបានសាងភាពលេចធ្លោ គួរកត់សម្គាល់នារដូវកាលនេះ។ ហើយក្លឹប Atletico រំពឹងថា ពួកគេនឹងមិនខកឱកាសជាថ្មី នៅទីផ្សាររដូវក្ដៅខាងមុខ៕

ប្រភព៖ Football Espana