ដោយសារ Tuchel តារាឆ្នើម Real Madrid ម្នាក់ធ្លាប់ប៉ងចង់ចូលរួម PSG

កីឡាករបាល់ទាត់មិនតិចនាក់ទេ ដែលធ្លាប់មានប្រវត្តិនៃការផ្ទេរ ដែលមិនអាចធ្វើទៅបាន ទោះបីជាគេមានបំណងចង់ផ្លាស់ទៅកាន់ក្លឹបនោះក៏ដោយ។ ខ្សែការពារ Antonio Rudiger កាលពីថ្មីៗនេះ បានបង្ហើបថាខិតកៀកក្នុងការចូលរួមក្លឹប Paris Saint-Germain។

Rudiger កាលនោះលេងនៅក្លឹប Chelsea ហើយគេមានបំណងចង់ចូលរួមក្រុម PSG បន្ទាប់ពីប្រឈមនៅក្នុងភាពស្មុគស្មាញនៅទឹកដី Stamford Bridge នាឆ្នាំ២០២០ ហើយលោក Thomas Tuchel ដែលកាលនោះ ជាអ្នកចាត់ការនៅក្លឹបបារាំង ចង់បានខ្សែការពារអាល្លឺម៉ង់ទៅពង្រឹងក្រុម។

ទោះយ៉ាងណាក្ដី ការផ្ទេរមិនអាចកើតមានឡើងនោះទេ បន្ទាប់ពីលោក Tuchel ត្រូវបាន PSG បញ្ចប់តំណែង នាចុងឆ្នាំ២០២០ ហើយលោកបានទៅដឹកនាំ Chelsea។

Rudiger បាននិយាយថា៖ “ខ្ញុំចង់ចាកចេញ។ ខ្ញុំចង់ទៅ Paris Saint-Germain ជាមួយលោក Thomas Tuchel។ នោះគឺជាក្ដីបំណងរបស់ខ្ញុំ។ ប៉ុន្ដែវាមិនអាចកើតមានឡើងនោះទេ ហើយ៦ខែក្រោយមក លោក Tuchel បានមកដឹកនាំ Chelsea ពី PSG។ យើងបានឈ្នះ Champions League ជាមួយគ្នា”៕

ប្រភព៖ PSG Talk