Pep បង្ហើបពីបំណងចង់ទៅដឹកនាំក្រុមជម្រើសជាតិ មុនពេលចូលនិវត្តន៍

អ្នកចាត់ការបច្ចុប្បន្នរបស់ក្លឹប Manchester City លោក Pep Guardiola មានបំណងចង់ដឹកនាំក្រុមជម្រើសជាតិណាមួយ ក្នុងព្រឹត្តិការណ៍ World Cup មុនពេលបញ្ចប់អាជីពជាគ្រូបង្វឹក។

កិច្ចសន្យាបច្ចុប្បន្នរបស់លោក Guardiola ជាមួយ Man City មានសុពលភាពរហូតដល់ឆ្នាំ២០២៥ ហើយលោកមានការបើកចំហរ ក្នុងការកាន់ការងារបង្វឹកក្រុមជម្រើសជាតិនាពេលអនាគត។ បុរសវ័យ៥៣ឆ្នាំរូបនេះ ធ្លាប់មានការភ្ជាប់ទៅនឹង ក្រុមជម្រើសជាតិប្រេស៊ីល ក្រុមជម្រើសជាតិអង់គ្លេស និងក្រុមជម្រើសជាតិអាមេរិក មុនពេលសម្រេចចិត្តបន្ដកិច្ចសន្យាជាមួយក្លឹបមេឃខៀវ។

ទោះយ៉ាងណាក្ដី បុរសជនជាតិអេស្ប៉ាញ បានទម្លាយឱ្យដឹងពីបំណងរបស់ខ្លួន ក្នុងការដឹកនាំក្រុមជម្រើសជាតិ ចូលរួមព្រឹត្តិការណ៍បាល់ទាត់ធំៗដូចជា World Cup, Euro ឬ Copa America ជាដើម។

លោក Guardiola បាននិយាយថា៖ “ខ្ញុំពិតជាចង់បង្វឹកក្រុមជម្រើសជាតិមួយ សម្រាប់ការចូលរួម World Cupឬ European Championship(EURO)។ ខ្ញុំប្រហែលជាពេញចិត្តធ្វើបែបនោះ។ ខ្ញុំមិនដឹងថាពួកគេចង់បានខ្ញុំឬអត់ទេ! ចង់បានក្រុមជម្រើសជាតិមួយ ដែលពួកគេត្រូវតែចង់ឱ្យអ្នកធ្វើដូចជាក្លឹបមួយអ៊ីចឹង”៕

ប្រភព៖ Goal