Shearer សរសើរសមត្ថភាពកីឡាករ Man City ម្នាក់ថាអាចជំនួស De Bruyne បាន

Alan Shearer​ជឿជាក់ថា ខ្សែបម្រើ Phil Foden រីករាយចំពោះទំនួលខុសត្រូវដ៏ធំរបស់ខ្លួនសម្រាប់ Manchester City នៅពេលដែលគ្មាន Kevin de Bruyne នៅក្នុងក្រុម។

Foden រកគ្រាប់បាល់តែមួយគ្រាប់គត់ក្នុងជ័យជម្នះសម្រាប់ក្រុមមេឃខៀវ ដែលបានយកឈ្នះ Bournemouth 1-0 កាលពីថ្ងៃសៅរ៍ ជួយឱ្យក្រុមរបស់លោក Pep Guardiola រំកិលមកកាន់តែកៀកក្រុមកំពូលតារាង Liverpool។

ហើយអតីតខ្សែប្រយុទ្ធអង់គ្លេស Shearer បាននិយាយលើកសរសើរ Foden ថា៖ “ខ្ញុំគិតថា Foden រីករាយនឹងទំនួលខុសត្រូវដ៏ធំដែលគេបានផ្ដល់ ពេលដែល Kevin មិនបានលេង។ ខ្ញុំគិតថា គេមានអារម្មណ៍ថាគេអាចបង្កើតវេទមន្ដដូច Kevin de Bruyne សម្រាប់ Manchester City ហើយធ្វើបានក្នុងរយៈពេលវែង ហើយនៅពេលដែល Kevin ចាកចេញពីក្រុម ខ្ញុំគិតថា ជាពេលដែល Phil ធ្វើការងារនេះ ដោយរក្សាបាល់ និងបញ្ជូនទៅឱ្យអ្នករាល់គ្នា ដូចទៅនឹងអ្វីដែល Kevin បានធ្វើ”។

ទោះបីជាតារាឆ្នើម De Bruyne និង Erling Haaland បានអវត្តមានជាច្រើនប្រកួតដោយសារបញ្ហារបួស ប៉ុន្ដែ Man City នៅតែធ្វើបានល្អ ក្នុងការប្រកួតដែលពឹងផ្អែកមួយភាគធំពី Foden៕

ប្រភព៖ Goal