កីឡាករកំពុងឡើងជើងម្នាក់របស់ Spurs នឹងអវត្តមានច្រើនសប្ដាហ៍

ខ្សែប្រយុទ្ធ Richarlison របស់ក្លឹប Tottenham Hotspur នឹងអវត្តមានរយៈពេល៣ទៅ៤សប្ដាហ៍ ពីទីលានប្រកួត ដោយសារបញ្ហារបួសជង្គង់ នេះបើយោងតាមការបញ្ជាក់របស់អ្នកចាត់ការ Ange Postecoglou។

តារាឆ្នើមប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះបានរងរបួស អំឡុងការប្រកួតដែល Spurs រងបរាជ័យ ២-១ ក្រោមថ្វីជើងរបស់​ Wolves។ ហើយនេះជាដំណឹងអាក្រក់មួយសម្រាប់ក្រុមរបស់លោក Postecoglou ចំពោះអវត្តមានរបស់កីឡាករកំពុងលេចធ្លោរូបនេះ។

អ្នកចាត់ការជនជាតិអូស្ដ្រាលី បាននិយាយថា៖ “Richy មានការខកចិត្ត ព្រោះគេជាអ្នករួមចំណែកយ៉ាងសំខាន់ ប៉ុន្ដែរដូវកាលរបស់យើងនឹងឆ្ពោះទៅបែបនេះ”។

Spurs បានប្រឈមនឹងការលំបាក ដោយសាររបួសកីឡាករក្នុងក្រុមនារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយពុំមានខ្សែការពារ Pedro Porro ហើយ Ryan Sessegnon អាចនឹងត្រូវសម្រាករហូតដល់ចប់រដូវកាល ក្រោយទទួលការវះកាត់របួសសរសៃរពួរ៕

ប្រភព៖ BBC