Pique ថា Arteta ជាម្នាក់ក្នុងចំណោមបេក្ខភាពពីរនាក់ ដែលសមទៅដឹកនាំ Barca បំផុត

ថ្មីៗនេះ អតីតខ្សែការពារឆ្នើមរបស់ក្រុម Barcelona កីឡាករ Gerard Pique បានបង្ហាញការជឿជាក់ថាអ្នកចាត់ការរបស់ក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta គឺជាបេក្ខភាពដ៏ស័ក្តិសមបំផុត ទៅជំនួសតំណែងរបស់លោក Xavi នៅក្លិប Barca

ជាការពិតណាស់បច្ចុប្បន្នក្រុមម្ចាស់ជើងឯកអេស្ប៉ាញ កំពុងព្យាយាមស្វែងរកជម្រើសថ្មី ដើម្បីមកជំនួសតំណែងរបស់លោក Xavi ដែលបានប្រកាសជាផ្លូវការថាលោកនឹងដើរចេញពីក្លិប នៅចុងបញ្ចប់រដូវកាលនេះហើយ។

ទន្ទឹមនឹងនេះ Pique ដែលធ្លាប់លេងរួមគ្នាជាមួយ Xavi អស់រយ:ពេល ៧ឆ្នាំនោះ ជឿជាក់ថាអតីតមិត្តរួមក្រុមរបស់ខ្លួន អាចនឹងផ្លាស់ប្តូរចិត្តវិញ។ ប៉ុន្តែប្រសិនបើ Xavi មិនផ្លាស់ការសម្រេចចិត្តនេះទេនោះ Pique ជឿជាក់ថា Arteta និង Pep Guardiola គឺជាអ្នកដែលសមក្នុងការមកដឹកនាំក្រុម Barca បំផុត នៅរដូវកាលក្រោយនេះ។

លើសពីនេះ Pique បាននិយាយថា ៖ ដើម្បីអាចដឹកនាំក្រុម Barca បាន អ្នកត្រូវតែស្វែងរកគ្រូបង្វឹកជាក់លាក់មួយ ហើយសម្រាប់ខ្ញុំ គឺមានជម្រើសធំៗពីរ ជាក់ស្តែងដូចជា Pep ព្រោះគាត់ធ្លាប់ដឹកនាំនៅនេះ ហើយម្នាក់ទៀតគឺ Arteta ដែលកំពុងធ្វើបានល្អនាពេលបច្ចុប្បន្ននេះផងដែរ

ប្រភព: Metro