ឱកាសធំ! Newcastle ប្រកាសដាក់លក់កីឡាករគោលដៅធំរបស់ Man Utd និង Man City ហើយ

ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងការពិចារណាក្នុងការដាក់លក់ខ្សែបម្រើ Bruno Guimaraes ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗជាច្រើន នៅទីផ្សារដោះដូរខាងមុខ។

ជាក់ស្តែងកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ហាក់បានបង្ហាញពីភាពលេចធ្លោយ៉ាងខ្លាំង នៅក្នុងក្រុមរបស់លោក Eddie Howe ចាប់តាំងពីគេបានសម្រេចចិត្តផ្ទេរមកពីក្រុម Lyon ក្នុងខែមករា ឆ្នាំ ២០២២ មក ដោយគិតមកទល់ពេលនេះ គេបានបង្ហាញខ្លួនសរុបាន ៩៧ ប្រកួតរួចមកហើយ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការចុះផ្សាយពីសារព័ត៌មាន Football Insider បានរាយការណ៍មកថា ដោយសារតែបញ្ហាហិរញ្ញវត្ថុ នៅក្នុងក្រុម Newcastle បច្ចុប្បន្ន ដូច្នេះហើយក្លិបនៅ PL មួយនេះ ទំនងជាអាចនឹងពិចារណាក្នុងការរុះរើកីឡាករក្នុងក្រុមរបស់ខ្លួនមួយចំនួនចេញ ដោយក្នុងនោះរួមជាមួយ Guimaraes ផងដែរ។

ជម្រាបជូនផងដែរ Guimaraes ទើបតែបានចុះហត្ថខាលើកុងត្រាថ្មីប៉ុណ្ណោះ ដែលនឹងត្រូវដំណើរការដល់ឆ្នាំ២០២៨ ឯណោះ ក្នុងនោះត្រូវបានរួមបញ្ចូលជាមួយនឹងលក្ខខណ្ឌផ្តាច់កុងត្រាដែលមានតម្លៃប្រមាណ ១០០លានផោន ជាពិសេសនៅចំពេលដែលទាំងក្រុម Man Utd និង Man City សុទ្ធសឹងតែបានបង្ហាញចំណាប់អារម្មណ៍លើគេខ្លាំង៕

ប្រភព: Sportsmole