Atletico Madrid ធ្លាប់ត្រូវបានបដិសេធសំណើទឹកប្រាក់៥០លានអឺរ៉ូ លើការផ្ទេរកីឡករ Nottingham ម្នាក់

Atletico Madrid ពុំមានការចំណាយទឹកប្រាក់ច្រើនទេ នៅក្នុងទីផ្សារដោះដូររដូវក្ដៅឆ្នាំមុន ខណៈសមាជិកថ្មីមួយចំនួនរបស់ពួកគេចូលរួមដោយមិនមានតម្លៃផ្ទេរ។

ប៉ុន្ដែយោងតាមរបាយការណ៍របស់មន្ដ្រីគណៈកម្មការ Premier League ដែលបានប្រកាសថា Nottingham Forest ដែលត្រូវបានកាត់៤ពិន្ទុនៅលីគកំពូលអង់គ្លេស ដោយសារល្មើសច្បាប់ហិរញ្ញវត្ថុ ធ្លាប់ទទួលបានសំណើផ្ទេរ Brennan Johnson ក្នុងតម្លៃ៥០លានអឺរ៉ូ ប៉ុន្ដែសំណើនេះត្រូវបានក្លឹបអង់គ្លេសបដិសេធ ដោយពួកគេចង់បាន៦៥លានអឺរ៉ូ។

Atletico មិនបានដាក់សំណើជាលើកទី២នោះទេ ហើយក្រោយមក Johnson បានសម្រេចចិត្តចូលរួមក្លឹបគូប្រជែងនៅ Premier League របស់ Forest គឺ Tottenham Hotspur នាថ្ងៃចុងក្រោយមុនបិទទីផ្សាររដូវក្ដៅ៕

ប្រភព៖ Football Espana