Maguire ថាមិត្តរួមក្រុម Man Utd ម្នាក់ស្រដៀងទៅនឹង Jude Bellingham

ខ្សែការពារ Harry Maguire បានលើកឡើងថា ខ្សែបម្រើវ័យ១៨ឆ្នាំ Kobbie Mainoo អាចនឹងក្លាយជា Jude Bellingham ថ្មីមួយនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។

Mainoo បានបង្ហាញខ្លួនលើកដំបូងនៅ Premier League សម្រាប់ Manchester United កាលពីខែវិច្ឆិកា ហើយគេបានបង្ហាញសមត្ថភាពយ៉ាងល្អ ក្នុងចំណែកជួយពួកគេឈ្នះ Liverpool ក្នុងពានរង្វាន់ FA Cup ហើយទទួលបានការចាប់អារម្មណ៍ពីគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate។

Maguire និយាយថា៖ “ការលេងនៅក្នុងព្រឹត្តិការណ៍ធំ ប្រាកដណាស់ វាត្រូវការកីឡាករដែលមានបទពិសោធ ប៉ុន្ដែក៏ត្រូវការកីឡាករក្មេងៗផងដែរ ហើយពេលខ្លះពួកគេលេងដោយគ្មានភាពភ័យខ្លាចនោះទេ ហើយពួកគេធ្វើបានល្អតាមវិធីនោះ។ ខ្ញុំមិនមានក្ដីកង្វល់អ្វីឡើយ។ វាពិតជាអស្ចារ្យណាស់ គាត់ទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ គាត់ពិតជាមានភាពចាស់ទុំ។ គាត់មានភាពស្រដៀងបន្ដិចទៅនឹង Jude Bellingham ពេលនៅក្មេង”។

“គាត់មានភាពចាស់ទុំ។ ខ្ញុំគ្មានអ្វីដែលត្រូវបារម្ភឡើយ។ ខ្ញុំឃើញគាត់ធ្វើបានល្អពីមួយថ្ងៃទៅមួយថ្ងៃក្នុងការហ្វឹកហាត់។ គាត់គ្រាន់តែព្យាយាមឱ្យបានខ្លាំងក្លា និងធ្វើបានល្អ។ ខ្ញុំបានអបអរដល់គាត់ និយាយថាគាត់សក្ដិសមនឹងទទួលបានវា(ការកោះហៅចូលជម្រើសជាតិ) ចូរខំប្រឹងប្រែង និងប្រកដថាអ្នករីករាយនូវអ្វីដែលអ្នកបានធ្វើ”៕

ប្រភព៖ Goal