Daiz៖ “បទពិសោធន៍​ស្តួចស្តើង ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចូលចុះ​នឹង Real Madrid”

Brahim Diaz បាន​បង្ហាញ​ចំណាប់​អារម្មណ៍​រីករាយ​នឹង​ពេលវេលា​ឈរ​ជើង​នៅ AC Milan កន្លង​មក ហើយ​អះអាង​ថា ដោយសារ​បាន​ទី​នោះ ទើប​ធ្វើ​ឲ្យ​ខ្លួន​មាន​លទ្ធផល​សព្វថ្ងៃ​នៅ Real Madrid ត្រង់​គ្រា​ផ្ទេរ​ចេញ​ដំបូង​ពី Manchester City ​គេ​ពិត​ជា​នៅ​កម្រិត​ទាប​ខ្លាំង​ណាស់។

យើង​និយាយ​ថយ​ក្រោយ ជុំវិញ​កីឡាករ​វ័យ ២៤ ឆ្នាំ ត្រូវ​បាន​ស្តេច​ស​ទិញ​ចេញ​ពី​សំពៅ​មាស​ន​រដូវ​រងា ឆ្នាំ​ ២០១៩ ក្នុង​តម្លៃ ១៧ លាន​អឺរ៉ូ ហើយ​ក្រោយ​មក​ដាក់​ឲ្យ Milan ខ្ចី​ជើង​ចុះ​ឡើង​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៣ ទើប​ត្រលប់​មក​វិញ រួច​រដូវ​កាល​ចុងក្រោយ​ក៏​ទទួល​បាន​ពេលវេលា​សកម្ម​ជាប់លាប់ ៣៣ ប្រកួត អាច​រក​បាន ៩ គ្រាប់​និង Assist ៤ លើក​ផង​ដែរ។

យ៉ាង​ណា​កីឡាករ​ដែល​ទើប​ប្តូរ​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ម៉ារ៉ុក​បាន​លើក​ឡើង៖ “ពួក​គេ​ជា​ក្លឹប ២ ផ្សេង​គ្នា កាល​នោះ​ខ្ញុំ​នៅ​ក្មេង​ណាស់ ពេលវេលា​ដែល​ចេញ​ពី​ក្លឹប​យក្ស​ដូច Manchester City ពិត​មែន តែ​ខ្ញុំ​នៅ​បទពិសោធន៍​ស្តួចស្តើង នាំ​ឲ្យ​អ្វី​ដែល​រំលេច​ចេញ​មក​វា​មិន​ដូច​អ្វី​ដែល​យើង​គ្រោង​ទុក”។

គេ​បន្ត​ថា៖ “តែ​របៀប​ដែល​ខ្ញុំ​ខិតខំ នៅ​ទី​បញ្ចប់​វា​ក៏​បាន​សង​លទ្ធផល​ត្រលប់​មក​វិញ ខ្ញុំ​បាន​ឆ្លង​កាត់​ពេលវេលា​នៅ Milan ហើយ​ត្រលប់​មក Real Madrid វិញ ជាមួយ​ភាព​ចាស់ទុំ និង​ពោរពេញ​ដោយ​បទពិសោធន៍​ជាង​មុន តែ​នៅ​រក្សា​ចំណង់​នៃ​ការ​ឈ្នះ​ដដែល”៕

ប្រភព៖ AF