Bayern ដាក់​តម្លៃ Kimmich មក​ហើយ ផ្ញើ​ជូន Barcelona/Real Madrid ​ជា​ពិសេស

ក្លឹប​យក្ស​អាល្លឺម៉ង់​បាន​ដាក់​តម្លៃ​ខ្សែ​បម្រើ Joshua Kimmich របស់​ខ្លួន​មក​ហើយ ​បន្ទាប់​លឺ​ដំណឹង​ថា​ភាគី​ក្លឹប​ធំ​ពីរ​នៅ​អេស្ប៉ាញ​មាន Barcelona និង Real Madrid ​ដាក់​ក្រសែ​ភ្នែក​ចាប់​អារម្មណ៍​ចង់​បាន។ វា​ហាក់​កាន់​តែ​ធ្វើ​ឲ្យ​មើល​ឃើញ អនាគត​របស់ Kimmich ពិត​មិន​ប្រាកដប្រជា​នោះ​ទេ នា​ពេលវេលា​ខាង​មុខ។

បើ​តាម​សារព័ត៌មាន Kicker របស់​អាល្លឺម៉ង់​ចុះ​ផ្សាយ ក្លឹប Barcelona ជា​បេក្ខភាព​ធំ​បំផុត ត្រង់​ពួក​គេ​ព្យាយាម​ចង់​បាន Kimmich តាំង​ឆ្នាំ​ទៅ តែ​ចរចា​មិន​ទទួល​បាន​ជោគជ័យ ក៏​ដោយសារ​ពេល​នោះ ពាក់ព័ន្ធ​នឹង​បញ្ហា​កុងត្រា​របស់​តារា​ឆ្នើម​ខាង​លើ​ផង ទើប​នាំ​ឲ្យ​គ្រប់​យ៉ាង​ត្រូវ​បាន​ផ្អាក។

បក​មក​ពេលវេលា​នេះ​វិញ គេ​ហាក់​ចាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​ចេញ តាម​ថា​ទៅ​មាន​ដល់ ៥ ក្លឹប ដែល​បាក់​ចិត្ត​មក​លើ Kimmich រួម​ទាំង Liverpool និង Manchester ទាំង​ពីរ​នៅ​ឯ​អង់គ្លេស​ផង​ដែរ។ របាយការណ៍​ចុងក្រោយ Bayern បាន​ដាក់​តម្លៃ​មក​ហើយ សម្រាប់​កីឡាករ​ប្រុង​ផុត​កុងត្រា​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៥ ខាង​មុខ។

នោះ​គឺ​ប្រមាណ ៧០ ទៅ ៨០ លាន​អឺរ៉ូ ឬ​ចូល​ល្បាក់ ៧៦ ទៅ ៨៧ លាន​ដុល្លារ​អាមេរិក ប្រសិន​ជា​បណ្តា​ក្លឹប​ណា​មួយ​ចង់​បាន Kimmich ចេញ​ពី​ក្របខ័ណ្ឌ Bundesliga។ បក​ទៅ​ការ​ចរចា​រវាង​ភាគី​អ្នក​មាន​បុណ្យ ដំណើរការ​ដោះដូរ​ស្មើ​ឬ​ថែម​លុយ​បន្តិចបន្តួច​ក៏​ទំនង​អាច​កើត​មាន ​ត្រង់​ក្លឹប​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Thomas Tuchel ក៏​បាន​ចាប់​ចិត្ត​ទៅ​លើ Ronald Araujo ដែល​ជា​ខ្សែ​ការពារ​កំពុង​លេចធ្លោ​នៅ Camp Nou៕

ប្រភព៖ Kicker