ឪពុក​ Neymar ច្រាន​ចោល​ព័ត៌មាន​ថា​ខ្លួន​ជួយ​ចេញ​លុយ​លួស Dani Alves ​ឲ្យ​នៅ​ក្រៅ​ឃុំ

ឪពុក​បង្កើត​របស់ Neymar Jr បាន​បដិសេធ ថា​ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចុងក្រោយ​នេះ​ទេ ពាក់ព័ន្ធ​នឹង​ការ​ចំណាយ​ប្រាក់ ដើម្បី​លួស Dani Alves ឲ្យ​នៅ​ក្រៅ​ឃុំ។ នេះ​ជា​ការ​ឆ្លើយតប​ក្នុង​សេចក្តីថ្លែងការណ៍​បន្ទាប់​មាន​ផ្ទុះ​ព័ត៌មាន​រសើប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

ជា​ការ​ពិត មាន​ដំណឹង​មក​ថា ឪពុក​របស់ Neymar ដែល​ជា​តំណាង​ភ្នាក់ងារ​រត់ការ​ផ្ទាល់​ខ្លួន របស់​តារា​ឆ្នើម​ប្រេស៊ីល បាន​ចាត់ចែង​ចេញ​លុយ​ប្រមាណ​ជាង ១ លាន​ដុល្លារ ដើម្បី​ធានា Dani Alves ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់​មាន​ការ​កាត់ក្តី សម្រេច​ឲ្យ​គេ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​ទៅ​លើ​ស្រ្តី​មួយ​រូប។

ដល់​តែ​ថ្ងៃ​នេះ ស្រាប់​ភាគី​ខាង​ឪពុក Neymar ចេញ​មក​រៀបរាប់៖ “ដូច​អ្នក​រាល់​គ្នា​បាន​ដឹង នៅ​ពេលវេលា​ដំបូង​នោះ​ខ្ញុំ​ពិត​ជា​បាន​ជួយ Alves តែ​មិន​មាន​ការ​ផ្សារភ្ជាប់​ទៅ​លើ​ផ្លូវ​ច្បាប់ ដល់​ហើយ​លើក​ទី​ពីរ​នេះ ស្ថានភាព​វា​ផ្សេង​ពី​លើក​ទី​មួយ ត្រង់​តុលាការ​អេស្ប៉ាញ​បាន​សម្រេច​រួចរាល់​ហើយ”។

លោក​បន្ត៖ “ដូច្នេះ​ទាំង​ឈ្មោះ​របស់​ខ្ញុំ និង​កូន​ប្រុស​របស់​ខ្ញុំ មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ហេតុ​ចុងក្រោយ​នេះ​ឡើយ យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា Dani នឹង​ស្វែងរក​ចម្លើយ ដែល​ពួក​គេ​ចង់​បាន​ជាមួយ​ក្រុម​គ្រួសារ​របស់​គេ តែ​ខាង​ក្រុម​គ្រួសារ​របស់​យើង គឺ​បាន​ចប់​អស់​ហើយ​ជុំវិញ​រឿងរ៉ាវ​នានា”៕

ប្រភព៖ BeSoccer