Juventus ក៏​ដាក់​គោលដៅ​ចង់​បាន Mason Greenwood ដែរ

ក្លឹប​សេះ​បង្កង់ Juventus ​បាន​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​នាំ​យក Mason Greenwood ​ត្រង់​កីឡាករ​សព្វថ្ងៃ​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Manchester United ទៅ​ Getafe ​នា​លក្ខខណ្ឌ​ខ្ចី​ជើង ដល់​បិទ​បញ្ចប់​រដូវ​កាល​ខាង​មុខ។ នេះ​បើ​តាម​សារព័ត៌មាន Gazzetta dello Sport ចុះ​ផ្សាយ។

បច្ចុប្បន្ន​កីឡាករ​អង់គ្លេស ហាក់​បង្ហាញ​ទម្រង់​លេង​បាន​ល្អ ខណៈ​ Getafe ផ្ទាល់​នោះ ក៏​ព្យាយាម​ចង់​រក្សា​ជើង​គេ​ទុក​ដែរ តែ​គ្រប់​យ៉ាង​វា​រមែង​ស៊ីសង​លើ​ការ​សម្រេច​របស់​ភាគី​ក្លឹប​អាណាព្យាបាល​ជា​ធំ។ សេះ​បង្កង់ ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Massimiliano Allegri ​ចង់​រៀប​ប្រព័ន្ធ ៤-៣-៣ ឬ ៣-៤-៣ ដែល​ត្រូវ​ការ​ស្លាប​ប្រយុទ្ធ​ដ៏​ល្អ ហើយ Greenwood មើល​ឃើញ​ថា ជា​គោលដៅ​ធំ។

ចំពោះ​ក្លឹប​នៅ​អ៊ីតាលី មាន Juventus ដែល​ចាប់​អារម្មណ៍​លើ​គេ រី​ឯ​នៅ​អេស្ប៉ាញ ក្រៅ​ពី Getafe ក៏​មាន Barcelona និង​ក្លឹប​មួយ​ចំនួន​ផ្សេង​ទៀត រី​ឯ​តម្លៃ​ផ្ទេរ​ចេញ តាម​ការ​រំអុក​ខ្ពស់​បង្អស់​ពី​ម្ចាស់ដី Old Trafford អាច​ចូល​ប្រមាណ ២០ លាន​ផោន​អស់​ខ្ពស់។

រំឭក​អំពី​ស្ថិតិ​ការ​លេង​របស់ Greenwood រដូវ​កាល​នេះ ដូច​លើក​ឡើង​គឺ​ធ្វើ​បាន​ល្អ ជា​ហេតុ​នាំ​ឲ្យ​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​បណ្តា​ក្លឹប​ធំៗ​នៅ​អឺរ៉ុប។ ស្ថិតិ​ជា​រួម ២៧ ប្រកួត គេ​ក៏​ចូលរួម​ចំណែក​រក​បាន ៧ គ្រាប់​និង Assist ៥ លើក​ផង​ដែរ៕

ប្រភព៖ Gazzetta dello Sport