កីឡាករសំខាន់ពីររូបរបស់ Man City ជួបបញ្ហារបួស មុនជួប Real Madrid នៅ UCL

គម្រោងរបស់ Manchester City សម្រាប់ការប្រកួត UEFA Champions League ទល់នឹង Real Madrid​ អាចនឹងប្រែប្រួល បន្ទាប់ពីមានសមាជិកដ៏សំខាន់ម្នាក់ទៀតមានបញ្ហារបួស។

ក្រុមរបស់លោក Guardiola នឹងតតាំងជាមួយក្រុមអធិរាជស ក្នុងពានរង្វាន់អឺរ៉ុបមួយនេះ៣រដូវកាលជាប់គ្នា ហើយលើកនេះ ពួកគេជួបគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ។

ក្រុមការពារជើងឯកលីគកំពូលអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដនាថ្ងៃទី៩ខែមេសា ហើយការប្រកួតជើងទី២ នឹងធ្វើឡើងនៅទីក្រុងមែនឆេស្ទឺរនា៨ថ្ងៃបន្ទាប់។

លោក Guardiola មានក្ដីបារម្ភអំពីស្ថានភាពរបស់ Kyle Walker បន្ទាប់ពីគេត្រូវបានបង្ខំចិត្តដូរចេញក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងប្រេស៊ីល។

ហើយនៅក្នុងប្រកួតបន្ទាប់រវាងអង់គ្លេសនិង បែលហ្ស៊ិក ខ្សែការពារក្រុមមេឃខៀវម្នាក់ទៀត John Stones ក៏ត្រូវប្ដូរចេញដោយសារស្ថានភាពមិនល្អផងដែរ។ បញ្ហារបួស Stones នឹងត្រូវពិនិត្យ ស្របពេលដែល Man City ក៏នឹងត្រូវប្រកួត Premier League ទល់នឹង Arsenal ផងដែរ នាថ្ងៃទី៣១ ខែមីនា ខាងមុខ៕

ប្រភព៖ Football Espana